(​ព្រុច​សែ​ល​)៖ ព្រលាន​យន្តហោះ​នៅ​ក្នុង​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ី​ក ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​បិទទ្វារ​អស់​ជាច្រើន​ថ្ងៃ ដោយសារ​តែ​ទទួល​រង​ការវាយប្រហារ​ភេរវកម្ម​ពី​សំណាក់​ក្រុម​ភេរ​វករ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​០១ ខែ​មេសា​។​

​ព្រលានយន្តហោះ Zaventem ត្រូវ​បាន​បិទទ្វារ ផ្អាក​មិន​ដំណើរការ​តាំងពី​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៦ បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់ បែក​អត្តឃាត​ចំនួន ២​កន្លែង បាន​ធ្វើឲ្យ​ព្រលានយន្តហោះ​នេះ​រង​ការបំផ្លិចបំផ្លាញ ហើយ​រាល់​ការហោះហើរ ត្រូវបាន​ផ្អាក​មួយរយៈ​។ នាយក​ប្រតិបត្តិ​ការហោះហើរ បានបញ្ជាក់​ថា ការបើក​ឡើងវិញ​នេះ​មាន​ប្រមាណ ២០​ភាគរយ​ប៉ុណ្ណោះ​។

​គួរបញ្ជាក់​ថា បណ្តាញ​ក្រុម ISIS បាន​ធ្វើ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ទៅលើ ព្រលានយន្តហោះ​អន្តរជាតិ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​ព្រុច​សែ​ល កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ដែល​បាន​បណ្តាលឲ្យ​មនុស្ស ៣៥​នាក់​ស្លាប់ (​ក្នុងនោះ ៣​នាក់​ជា​ភេរ​វករ​) និង​មនុស្ស​៩៤​នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​៕​

Advertising