(ភ្នំពេញ)៖ កម្មករ-កម្មការិនីបម្រើការងារ រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃ្វីក ស៊ូ ជាង១០០នាក់ ក្នុងចំណោមកម្មករសរុប ១៦០០នាក់បាននាំគ្នា ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៦ចំណុច នាព្រឹកម៉ោង ៨៖៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦។

កូដកម្មនេះ ធ្វើ​ឡើងនៅមុខ រោងចក្រ ខាងលើ ស្ថិតនៅ ក្នុងសួនវឌ្ឍនៈ​ក្រុមទី៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយពួកគេចង់ដង្ហែក្បួនទៅមុខក្រសួងការងារ និងខុទ្ទកាល័យសម្តេចតេជោ ដោយខ្លួនឯង ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌមានជ័យដឹកនាំលោក ឌី រ័ត្នខេមរុណ អភិបាលរងចុះទប់ស្កាត់ទាន់ពេលវេលា ហើយដឹកនាំតំណាងពួកគេយកញត្តិ ទៅដាក់នៅតាមក្រសួង និងខុទ្ទកាល័យជៀសវាងបង្កភាពអនាធិបតេយ្យ។

ក្រោយទទួលព័ត៌មានថាក្រុមកម្មករទាំងនេះចង់ដង្ហែរក្បួន លោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកទទួលញាតិ្ត ពីកម្មករ និងសហជីពទាំង១០នាក់ ព្រមទាំងធ្វើការសម្របសម្រួលជូនពួកគេរហូតយល់ព្រមធ្វើតាម។

បន្ទាប់មកលោកអភិបាលរងបានដឹកនាំ កម្មករ១៥នាក់ ម៉ូតូ៦គ្រឿង សហជីបចំនួន១០នាក់ និងម៉ូតូ៥គ្រឿង ចេញទៅក្រសួងការងារ ហើយបន្ត ទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ដើម្បីសុំការអន្តរាគមន៍ផងដែរ៕

Advertising