(ព្រះសីហនុ)៖ នាពេលបច្ចុប្បន្ននេះនៅទូទាំងខេត្តព្រះសីហនុ គេសង្កេតឃើញសកម្មភាពអនាធិបតេយ្យពីសំណាក់ ឈ្មួញទុច្ចរិតឃុបឃិត ជាមួយមន្ត្រីពុករលួយ ស្ទើរគ្រប់ស្ថាប័នដែលពាក់ព័ន្ធបានចាក់ដី ឬសាងសង់សំណង់ផ្សេងៗ រំលោភលើអូរ ប្រឡាយ ឬផ្លូវសាធារណៈរបស់រដ្ឋជាដើម ស្ទើរគ្រប់ទីកន្លែងក្នុងខេត្តដោយឥតអៀនខ្មាស់។

ជាមួយ និងបាតុភាពបែបនេះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញលិខិតជូនដំណឹងលេខ ០៧៨ សជណ/១៦ ជម្រាបជូន អភិបាលក្រុង និងស្រុកទាំងបី ស្តីពីការត្រួតពិនិត្យឡើងវិញនូវរាល់អូរប្រឡាយ និងការសាងសង់សំណង់នានាលើចំណីផ្លូវ និងលើផ្លូវសាធារណៈជាដើម។ ប៉ុន្តែជាក់ស្តែងដីមួយកន្លែងស្ថិតនៅផ្លូវអូរត្រេះ ព្រំប្រទល់រវាងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាមួយឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបុគ្គលឈ្មោះ ឈឹម ហួរ ចាក់ដីរំលោភយកអូរទាំងស្រុង ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងដីនោះបានប្រាប់ថា កាលពីខែធ្នូ ឆ្នាំ២០១៥ ខណៈពេលដែលបុគ្គលឈ្មោះ ឈឹម ហួ រស់នៅក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បានទិញដីរាប់រយឡានមកចាក់ចូលក្នុងដីរបស់ខ្លួន ហើយរាលដាលចូលដល់ ប្រឡាយខាងក្រោយដីរបស់ខ្លួន នាពេលនោះក៏មានអាជ្ញាធរ និងមន្រ្តីជំនាញបានចុះហាមឃាត់ផងដែរ ប៉ុន្តែនៅក្នុងមីនា ឆ្នាំ២០១៦ បុគ្គលឈ្មោះ ឈឹម ហួរ ដដែលនេះបានហៅឡានដឹកដីមកចាក់ម្តងទៀត ដោយចាក់លប់អូរទាំងស្រុងនៅពីក្រោយដីរបស់គាត់ ដែលអាចប្រឈមការលិចលង់ នៅតំបន់នោះនាពេល អនាគតផងដែរ។

ជុំវិញបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការបារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលគេឃើញឈ្មោះ នួន ប៊ុនថុល និងឈ្មោះ ទៀត ចំរើន ដែលជា នាយក និងនាយករងទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ កាលពីចុងខែមីនា បានចុះពិនិត្យនៅទីតាំងនេះផងដែរ ប៉ុន្តែវិធានការណ៍យ៉ាងណានោះស្ងាត់ដូចចោរលួចសេះដដែល។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋស្នើ លោកអភិបាលខេត្តព្រះសីហនុ គួរពិនិត្យមន្រ្តីនៅក្បែរខ្លួនផង ប្រយ័ត្នលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្លាយជាក្រដាសអនាម័យ ដោយសារមន្រ្តីខិលខូចនៅក្បែរខ្លួន៕

Advertising