(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ទូទាំងប្រទេស ដើម្បីបូកសរុបលទ្ធផលការងាររបស់គណៈចលនា និងពង្រឹងការអនុវត្តផែនការបន្ទាប់ឆ្ពោះទៅកាន់ការបោះឆ្នោត ២០២២-២០២៣។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្រាប់ថ្ងៃនេះ គឺមានថ្នាក់ដឹកនាំគណៈចលនា ដែលជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាថ្នាក់កណ្តាល ថ្នាក់ដឹកនាំគណៈចលនាថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

លោក រ៉ូហ្វី អូស្មាន ប្រធានលេខាធិការដ្ឋានគណៈចលនា បានឲ្យដឹងថា កិច្ចប្រជុំនេះគ្រោងរៀបចំជា៣ដំណាក់កាល គ្របដណ្តប់ទៅលើតំបន់៨ទូទាំងប្រទេស ដែលថ្ងៃនេះ គណៈចលនាបានដឹកនាំកិច្ចប្រជុំ សម្រាប់តំបន់១ និង២ មានរាជធានីភ្នំពេញ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត តាកែវ និងខេត្តកែប។

ជាមួយគ្នានេះ លោក សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីរបាយការណ៍សកម្មភាពនានា ជាពិសេសសមិទ្ធផលការងារជាច្រើនដែល គណៈចលនាសម្រេចបាននៅទូទាំងប្រទេស ដែលបានចូលរួមដោះស្រាយរាល់តម្រូវការរបស់សហគមន៍ឥស្លាម ក៏ដូចជាសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានជំរុញដល់ថ្នាក់ដឹកនាំគណៈចលនាទាំងថ្នាក់កណ្តាល និងរាជធានី ខេត្ត ក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ ឲ្យកាន់តែខ្លាំងក្លាថែមទៀត សំដៅជំរុញការអនុវត្តផែនការជាគោលនានាដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ២០២២- ២០២៣។

លោកបានជំរុញឲ្យធ្វើបច្ចុប្បន្នភាព ដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋដែលគ្រប់អាយុទាំងអស់ធ្វើយ៉ាងណាឲ្យពួកគាត់ បានចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាមួយគ្នានេះ ត្រូវរុះរាន់សម្រាប់អ្នកណាដែលនៅប្រើអត្តសញ្ញាណបណ្ណទម្រង់ចាស់ ត្រូវស្នើសុំប្តូរទម្រង់ថ្មីឡើងវិញជាបន្ទាន់ ដើម្បីស្របតាមលក្ខណ្ឌតម្រូវនៃការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោកប្រធានគណៈចលនា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណៈចលនាគ្រប់លំដាប់ ត្រូវបង្កើនកិច្ចសហការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំលែងថ្មី Delta ដែលទើបមានការរាលដាលជាបន្តបន្ទាប់។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងបន្តចំនួន៣ថ្ងៃផ្សេងទៀត សម្រាប់តំបន់ចំនួន៦ ក្នុងនោះមានថ្ងៃទី១៣, ថ្ងៃទី១៥ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕