(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យប្រទេសកម្ពុជាជួបនូវគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀតកាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ទៅលើផលប៉ះពាល់ទាំងឡាយពីគ្រោះមហន្តរាយទាំងនេះ ក្នុងនោះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ គឺជាប្រតិបត្តិការត្រូវយកចិត្តទុកដាក់ជាពិសេស។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាន បានថ្លែងថា ដើម្បីបម្រើដល់ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនេះ រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេចបង្កើត «កងរុករក និងសង្គ្រោះ» នៅតាមបណ្តាអង្គភាពនានារបស់កងយោធពលខេមរភូមិន្ទ មានដូចជាយោធភូមិភាគទាំង៦ កងពលធំទាំងពីរ រួមទាំងបញ្ជាការដ្ឋានមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ជាមួយនឹងការបង្កើត «កងរុករក និងសង្គ្រោះ» នេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់កម្លាំងសង្គ្រោះទាំងអស់ ព្រមទាំងបានបំពាក់នូវសម្ភារសង្គ្រោះដែលសំខាន់ៗមួយចំនួនផងដែរ។

នៅយោធភូមិភាគទី៣ ក៏បានសម្រេចបង្កើតកម្លាំង «រុករក និងសង្គ្រោះ» ផងដែរ កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ដោយមានឈ្មោះថា «កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៣» ដើម្បីត្រៀមក្នុងការចេញប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយដោយធម្មជាតិ ឬយថាហេតុផ្សេងៗ។ កម្លាំង «រុករក និងសង្គ្រោះ» នៅយោធភូមិភាគទី៣នេះ ត្រូវបានហ្វឹកហ្វឺន និងបំពាក់សម្ភារសម្រាប់ប្រតិបត្តិការសង្គ្រោះមួយចំនួនផងដែរ។

ក្នុងពិធីប្រគល់សម្ភារៈគ្រឿងបំពាក់សម្រាប់ប្រតិបត្តិការរុករក និងសង្គ្រោះនៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ បានឱ្យដឹងថា កម្លាំង «កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៣» ប្រមាណ ១២០នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញសង្គ្រោះ។ ជំនាញដែលបានហ្វឹកហ្វឺននោះរួមមាន៖ ការបើកបរទូកម៉ាស៊ីនស្មាច់ ដំឡើងតង់ចល័តសម្រាប់សង្គ្រោះជនរងគ្រោះ រៀនហែលទឹក រៀនហែលតោងខ្សែពួរ រៀនប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងការសង្គ្រោះបឋមផងដែរ។

បើតាមឧត្តមសេនីយ៍ឯក យឿន សុខុន «កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៣» នេះ ក៏ទទួលបានការបំពាក់សម្ភារសង្គ្រោះដូចជា៖ ទូកម៉ាស៊ីនស្មាច់ចំនួន ១០គ្រឿង, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោបូមទឹក៤០, តង់ចល័ត ២០តង់, វិទ្យុទាក់ទង ២គ្រឿង, ខ្សែពួរ ១០០ម៉ែត្រ, បាឡូដាក់សម្ភារ ២០សម្រាប់, អាវយឺតហ្វឹកហ្វឺន ១២០កំប្លេ, ឯកសណ្ឋាន ៣៤០ឈុត, មួកសុវត្ថិភាព ១២០មួក, មួកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១២០មួក, ពិលសម្រាប់មួកសុវត្ថិភាព ១២០គ្រឿង, ពិលដៃ ១០គ្រឿង, អាវពោង ២០០សម្រាប់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា តាមរយៈការហ្វឹកហ្វឺន និងការបំពាក់សម្ភារសង្គ្រោះនានានេះ គឺជាការបង្ហាញឱ្យឃើញនូវស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជាកងកម្លាំងទាំងអស់ ក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការសង្គ្រោះទាំងឡាយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះ «កងយោធពលខេមភូមិន្ទក្រៅពីតួនាទីភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព កងយោធពលខេមភូមិន្ទ ក៏មានតួនាទីភារកិច្ចក្នុងការចូលរួមសង្គ្រោះគ្រោះមហន្តរាយគ្រប់យថាហេតុដែលកើតឡើងចំពោះប្រជាពលរដ្ឋរបស់យើង។ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានដាក់ចេញបទបញ្ជាហើយថា គ្រប់កងឯកភាពត្រូវម្ចាស់ការចេញសង្គ្រោះទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនទទួលខុសត្រូវគ្រប់ពេលវេលាហ្នឹងទី១។ ទី២ ក៏ត្រូវត្រៀមកម្លាំងជាប់ជានិច្ចចេញសង្គ្រោះប្រជាពលរដ្ឋនៅតំបន់ផ្សេងតាមបទបញ្ជារបស់ថ្នាក់លើ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងរុករកនេះ បានត្រៀមខ្លួនជាប់ជានិច្ចក្នុងប្រតិបត្តិការសង្គ្រោះហើយមិនត្រឹមតែគ្រោះមហន្តរាយពីធម្មជាតិនោះទេ គ្រោះមហន្តរាយកើតឡើងដោយយថាហេតុផ្សេងៗ ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ។

ក្នុងឱកាសប្រគល់សម្ភារដល់កម្លាំងប្រតិបត្តិការសង្គ្រោះនៅយោធភូមិភាគទី៣ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់កម្លាំងរុករក និងសង្គ្រោះទាំងអស់ ត្រូវបានបន្តហ្វឹកហ្វឺនបង្កើនសមត្ថភាពក្នុងសង្គ្រោះ ហើយត្រូវស្វែងយល់ពីគ្រោះមហន្តរាយទាំងឡាយកើតមាននៅក្នុងប្រទេស ក៏ដូចជានៅលើពិភពលោក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំដល់កងកម្លាំងរុករក និងសង្គ្រោះ ឱ្យចេះថែទាំនូវសម្ភារទាំងឡាយដែលបានប្រគល់ជូនចៀសវាងការខូចខាត ឬប្រើមិនកើតពេលចេញប្រតិបត្តិការ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសង្កត់ធ្ងន់ដល់កម្លាំងរុករក និងសង្គ្រោះទាំងអស់ ត្រូវតម្កល់ការជួយជីវិតជនរងគ្រោះជាចម្បង៕