(​ឥណ្ឌា​)៖ អាជ្ញាធរ​ឥណ្ឌា បាន​បញ្ជាក់​ឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​ក្នុងករណី​បាក់​ស្ពាន​អាកាស​នៅក្នុង​ទីក្រុង Kolkata ក្បែរ​ឧទ្យាន Girish Park បាន​កើនឡើង​ដល់ ២៥​នាក់ ខណៈ​អ្នករបួស​កើន​ដល់ជាង ១០០​នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦​។​

​តំណាង​ភ្នាក់ងារ​ជួយសង្គ្រោះ បានឲ្យដឹងថា ប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្ស​ជាប់​គាំង​នៅ​ក្រោម​គំនរ​បាក់បែក ត្រូវបាន​ធ្វើឡើង​ដោយ​ចំណាយ​ពេល​ប្រមាណ ៤​ម៉ោង ដោយ​មាន​ការចូលរួម​ពី​ក្រុម​ពន្លត់អគ្គីភ័យ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​មួយ​នេះ បាន​ស្ថិតក្រោម​ការសាងសង់​តាំងពី​ឆ្នាំ ២០០៩ ប៉ុន្តែ​មក​ដល់ពេលនេះ នៅ​មិនទាន់​ធ្វើ​រួចរាល់​ទៀត ហើយ​បើ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​នោះ បានឲ្យដឹងថា ពេល​ខ្លះ​គេ​ឃើញ​មាន​ក្រុម​សំណង់​មក​ធ្វើការ ប៉ុន្តែ​ក្រោយមក​ក៏​បាត់​ទៅ​វិញ ហើយ​វា​មិនមែន​មួយ​លើក ឬ​ពីរ​លើក​នោះទេ ពោល​គឺ​ច្រើន​ដង​មក ពួកគាត់​ក៏​មាន​ចម្ងល់​ដែរ​ថា ស្ពាន​នេះ​ពេលណា​សាង់សង់​រួច បើ​ធ្វើ​ឈប់ៗ​បែបនេះ​៕​

Advertising