(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា ផលិតផលផលបំប៉នសុខាភាព «M ETRA Botle/90 Capsules» ជាឱសថក្លែងក្លាយ ដោយមានលួចដាក់សារធាតុឱសថសម័យ Sildenafil ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្រសួងបានហាមមិនឱ្យមានការនាំចូល និងបញ្ឈប់ការលក់នៅលើទីផ្សារ។

សេចក្តីជូនព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ មាត្រា២ថ្មី ផលិតផលបំប៉នសុខភាពឈ្មោះ M EXTRA Battle/90 Capsules ដែលកំពុងផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះ M Extra និងតាមប្រព័ន្ធ អនឡាញមួយចំនួនត្រូវចាត់ទុកជាឱសថក្លែងក្លាយ»

ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត អាជ្ញាធរមាន សមត្ថកិច្ចស្រាវជ្រាវ និងប្រមូលត្រឡប់មកវិញនូវឱសថក្លែងក្លាយ ដែលលក់នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងតាមមធ្យោបាយផ្សេងទៀតមកកម្ទេចចោល។

ក្រសួងបានបញ្ជាក់ទៀតថា បើសិនមានម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ផ្សព្វផ្សាយលក់ ឱសថក្លែងក្លាយខាងលើនេះជាបន្តទៀត នឹងត្រូវទទួលទោសបញ្ញត្តិតាមមាត្រា ១២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងឱសថដោយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០លានរៀល ដល់ ៥០លានរៀល។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផលបំប៉នសុខភាពឈោ្មះ M EXTRA Bottle /90 Capsules ក្លែងក្លាយនេះជាបន្ទាន់ព្រោះផលិតផលនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបានឃើញជនណាកំពុងនាំចូលចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពឈ្មោះ MEXTRA Bottle / 90Capsules ក្លែងក្លាយខាងលើនេះ ប្រញាប់ផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕