(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក រួមជាមួយគណៈកម្មការអាចារ្យ បានប្រគល់សម្ភារជាបន្លុង ៣៦ឈុត អង្ករ ១០០គីឡូក្រាម និងមី ៥កេសតូច ដើម្បីទុកជួយដល់គ្រួសារជួបគ្រោះមហន្តរាយផ្សេងៗ និងជួយដល់គ្រួសារជួបការខ្វះខាត ក្នុងបរិបទកូវីដ១៩។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានសង្ឃដីកាថា សម្ភារបន្លុងនេះ បានមកពីការប្រគេនរបស់ញាតិញោម ពុទ្ធបរិស័ទនាពេលកន្លងមក តាមរយៈបុណ្យឈាបនកិច្ច និងបុណ្យបច្ច័យបួន។ ព្រះសង្ឃ និងគណៈកម្មការវត្ត ក៏បានរៀបចំប្រមូលថែរក្សាទុកសម្រាប់ប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីយកទៅបែងចែកទុកផ្តល់ជូនដល់គ្រួសារដែលជួបការខ្វះខាត និងជួបវិបត្តិដោយគ្រោះមហន្តរាយផ្សេងៗ និងក្នុងបរិបទកូវីដ១៩ នេះ នៅតាមមូលដ្ឋានជិតឆ្ងាយក្នុងខេត្តសៀមរាប។

ព្រះអង្គបន្តថា នេះជាការចូលរួមចំណែកចែករំលែកទៅតាមលទ្ឋភាព ដែលអាចធ្វើបាន ក្នុងសកម្មភាពការងារមនុស្សធម៌របស់ព្រះសង្ឃ និងគណៈកម្មការវត្តប្រាសាទគោកចក ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមចំណែកជួយសង្គ្រោះការលំបាក និងភាពខ្វះខាតរបស់គ្រួសាររងគ្រោះនានា។

ព្រះអង្គបានរំលឹកផងដែរថា នាពេលកន្លងមក ព្រះសង្ឃ និងគណៈកម្មការវត្តនេះ តែងតែចូលរួមជាមួយការងារសង្គម ការងារមនុស្សធម៌ ដោយបានផ្តល់ជាលក្ខណៈសង្គហសង្គ្រោះនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយផ្សេងៗ ទៅដល់ទុរគតជន គ្រួសារជួបការលំបាកក្នុងជីវភាព គ្រួសារជួបគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងផ្តល់ជូនដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចតាមគោលដៅនានាជាច្រើន ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្ន ដោយសារជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំមកនេះ។

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានថ្លែងអំណរព្រះគុណនូវទឹកព្រះទ័យសប្បុរសធម៌របស់ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលតែងតែគិតគូរ យកព្រះទ័យទុកដាក់ផ្តល់ជូននូវទេយ្យទាន គ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ ទោះតិចក្តីច្រើនក្តី នេះជាសកម្មភាពមនុស្សធម៌ដ៍ប្រពៃមួយ ក្នុងការរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងជួបការលំបាកក្នុងជីវភាពដោយសារតែវិបត្តិនៃជម្ងឺកូវីដ១៩៕