(សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត និងសហការជាមួយអាជ្ញាធរសង្កាត់ទឹកវិល ក្រុងសៀមរាប បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារ ដែលមានសមាជិកកំពុងសម្រាកព្យាបាលដោយការឆ្លងជំងឺកូវីដ១៩ និងគ្រួសារដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺនេះ។

ទេយ្យទានដែលព្រះតេជគុណ បាននាំយកមកចែកជូនដល់គ្រួសារ ដែលមានសមាជិក កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និង គ្រួសារដែលប៉ះពាល់ដោយផ្ទាល់ សង្កាត់ទឹកវិល ចំនួន ១៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១យួរ, ស្ករស ១គីឡូក្រាម, អំបិល ២គីឡូក្រាម និងថវិកាចំនួន ៨ម៉ឺនរៀល។

គួរបញ្ជាក់ផងដែរ ក្នុងកម្មវិធីនេះក៏មានព្រះវត្តមាននិមន្តចូលរួមពីព្រះរាជាគណៈ និងជាព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប និងអាជ្ញាធរសង្កាត់ទឹកវិលចូលរួមផងដែរ៕