(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើងថា បើគ្មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អស់ជាច្រើនឆ្នាំកន្លងមកនោះទេ កម្ពុជាប្រហែលជាគ្មានលទ្ធភាពនិងធនធានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធជាមួយសង្គ្រាមកូវីដ១៩ ដែលបានអូសបន្លាយអស់រយៈពេលប្រហែលពីរឆ្នាំ។

តាមរយៈទំព័រ Facebook ផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «បើគ្មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អស់ជាច្រើនឆ្នាំកន្លងមកនោះទេ កម្ពុជាប្រហែលជាគ្មានលទ្ធភាព និងធនធានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធជាមួយសង្គ្រាមកូវីដ១៩ ដែលបានអូសបន្លាយអស់រយៈពេលប្រហែលពីរឆ្នាំ ហើយក៏ប្រហែលជាមិនអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ដូចសព្វថ្ងៃនេះឡើយ»

វត្តមានជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានរយៈពេលជិត២ឆ្នាំមកហើយ ខណៈដែលការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ នៅកម្ពុជាបានចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៧,៥២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,៤៩៥នាក់, ស្លាប់សរុបចំនួន២,០០៧នាក់ ខណៈដែលករណីឆ្លងមេរោគបំប្លែងថ្មីមានចំនួន ៣៧៣១នាក់។

ទោះយ៉ាងនេះក្តី រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់ផងដែរ។

វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៣៨៥,២០០នាក់៕