(ព្រះសីហនុ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោងយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦ បានចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នៅទីរួមខេត្ត ព្រមទាំងដកហូតថ្នាំ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

លោក ឡុង គឹមហួរ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងរបស់លោកក្រោមការបញ្ជាពីលោកឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាករអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម០៥ ភូមិ០៣ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ វ៉ាន់ សុខទុយ អាយុ៤៥ឆ្មាំ ទីលំនៅបច្ចុប្បន្ន ភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយចាប់ខ្លួនកម្លាំងអាវុធហត្ថដកហូតម្សៅសថ្លា​ ០៤កញ្ចប់តូចស្មើ១,៩ក្រាម ថ្នាំគ្រាប់ប្រភេទ កេតាមីនចំនួន២១គ្រាប់ ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០១គ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ស្លាកលេខកណ្តាល1J-7173។

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ ជនសង្ស័យស្ថិតក្រោមការសួរនាំនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Advertising