(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបលោកឧត្តមសេនីយ៍ Wichit Yathip សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ ជជែកលើការងារមួយចំនួន ដើម្បីពង្រឹតចំណងទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ។

ជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភាថៃ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក៏មានការចូលរួមពីលោកស្រីបណ្ឌិត Prapasri Suchantabutr សមាជិកព្រឹទ្ធសភាថៃ និងជានាយិកាក្រុមហ៊ុន Dr. Hann Hospital Group និងលោកបណ្ឌិតសាស្រ្តាចារ្យ Dr. Sungsith Piriyarangsan សមាជិកព្រឹទ្ធសភាថៃ។

ក្នុងជំនួបនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ Wichit Yathip ដែលបានផ្តល់ឱកាសឱ្យលោកចូលជួបពិភាក្សាការងារនាពេលនេះ និងអរគុណចំពោះកិច្ចសហការល្អជាមួយកម្ពុជាលើគ្រប់វិស័យនាពេលកន្លងមករបស់សមាគមមិត្តភាពកម្ពុជា-ថៃ។ ជាពិសេសព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន បានជួយដល់ការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការសាងសង់សាលារៀន មណ្ឌលសុខភាព និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនពាន់នាក់។ ក្នុងនោះនិស្សិតដែលបានបញ្ចប់ការសិក្សាចំនួនជាង ១,០០០នាក់ កំពុងបម្រើការងារនៅតាមស្ថាប័ននានារបស់កម្ពុជា និងនិស្សិតកំពុងបន្តការសិក្សានៅប្រទសថៃមានចំនួន ៥២០នាក់។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបជូនឧត្តមសេនីយ៍ Wichit Yathip និងក្រុមសមាជិកព្រឹទ្ធសភាថៃ អំពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម។ ជាពិសេសការកសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ជាង ៩៧% នៃចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានជម្រាបជូនអំពីការត្រៀមបើកប្រទេសកម្ពុជា ទទួលភ្ញៀវអន្តរជាតិឡើងវិញនៅត្រីមាសទី៤ ឆ្នាំ២០២១នេះផងដែរ។

ឧត្តមសេនីយ៍ Wichit Yathip ក៏បានសម្តែងការកោតសរសើរផ្តាំផ្ញើសេចក្តីនឹករលឹកជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ និងគោរពអរគុណសម្តេចតេជោ ដែលកន្លងមកសម្តេចតែងផ្តល់ការគាំទ្រ និងជួយសម្រួលលើកិច្ចការងារមួយចំនួនរបស់សមាគមមិត្តភាពកម្ពុជា-ថៃ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ Wichit Yathip ក៏បានរំលឹកអំពីជោគជ័យក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកនៅកម្ពុជានាពេលកន្លងមក និងបានបញ្ជាក់អំពីសកម្មភាពមនុស្សធម៌មួយចំនួនរបស់លោក ជាមួយកាកបាទក្រហមកម្ពុជា និងបាននាំក្រុមកីឡាបាល់ទាត់បុរីរាំមកប្រកួតជាមួយកីឡាបាល់ទាត់កម្ពុជា។

ឧត្តមសេនីយ៍ Wichit Yathip បន្ថែមថា លោកពិតជាគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជាខ្លាំងណាស់។ លោកសន្យានឹងបន្តជួយកម្ពុជាលើគ្រប់វិស័យទៅតាមលទ្ធភាពដែលលោកអាចធ្វើទៅបាន។

ឧត្តមសេនីយ៍ Wichit Yathip បានប្រកាសឧបត្ថម្ភសម្ភារកីឡាលើកដុំដែកជូនដល់គណៈកម្មការស្រ្តី និងកីឡា ទុកប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់កីឡាករកម្ពុជាផងដែរ។ ដោយសារលោកមានទំនាក់ទំនងល្អខាងផ្នែកកីឡាស្រាប់ លោកក៏បានសន្យាផ្តល់ជូនសម្ភារៈសម្រាប់កីឡាលើកសាច់ដុំ និងសម្ភារៈកីឡាចាំបាច់ផ្សេងៗទៀតជូនកម្ពុជាសម្រាប់ការហ្វឹកហាត់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕