(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃការរៀបចំកិច្ចបជុំលើកទី៣ នៃក្រុមការងាររួមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រធានក្រុមការងាររួមសម្រាប់ ភាគីកម្ពុជា និងលោក សឺហ្គេ ក្លាហ៊្សេវ សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋមន្រ្តីទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគ.ស.អ.អ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះបានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍គន្លឹះ ពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងវិស័យគយ, កសិកម្ម, ព័ត៌មានវិទ្យា, ការគាំទ្រការធ្វើធុរកិច្ច និងសហគ្រាសមីក្រូ តូចនិងមធ្យម, និងការអភិវឌ្ឍបទប្បញ្ញតិ្តបច្ចេកទេសនានា ដែលជាបច្ច័យជួយជំរុញដល់កិច្ចសហប្រតិបត្តិការ ឱ្យបានជិតស្និទ្ធ។

ភាគីទាំងពីរ ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើ វិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីជំរុញកំណើនកាន់តែខ្ពស់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម ជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្ម និងបានបង្ហាញពីឆន្ទៈក្នុងការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យលទ្ធភាពនៃការចាប់ផ្តើម ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងគ.ស.អ.អ នាពេលខាងមុខ។

តាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា ភាគីទាំងពីរបានឯកភាពក្នុងការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យអាទិភាពរួមមាន៖
*ទី១៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ
*ទី២៖ កិច្ចសហប្រតិបត្តិការលើវិស័យគយ
*ទី៣៖ វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
*ទី៤៖ វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងការអភិវឌ្ឍឌីជីថល
*ទី៥៖ វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ
*ទី៦៖ របាំងបច្ចេកទេសពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស និងអនាម័យនិងភូតគាមអនាម័យ និងកម្មសិទ្ធិបញ្ញា និងការការពារអ្នកប្រើប្រាស់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម៖