(បាត់ដំបង)៖ ឧបាសិកា លឹម ឈីន ត្រូវជាម្តាយបង្កើតលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានទទួលមរណភាពកាលពីថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឧបាសិកា លឹម យីន គឺជាការបាត់បង់នូវម្ដាយ ម្តាយក្មេក និង ជីដូនប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌។ ពិធីបុណ្យសពរបស់ឧបាសិកា លឹម ឈីន បានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសពក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយគ្នានេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមបច្ច័យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ។ ដោយឡែក លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក៏បានផ្ញើលិខិតចូលរួមមរណទុក្ខជូនលោក ចាន់ យុត្ថា ផងដែរចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់។ លោក ហ៊ុន ម៉ានី បានថ្លែងថា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជា និងខ្ញុំផ្ទាល់ ពិតជាមានក្តីរន្ធត់ និងសោកស្តាយជាទីបំផុត ក្រោយពីបានទទួលដំណឹងមរណភាពរបស់ឧបាសិកា លឹម ឈីន ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម និងក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា លឹម យីន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពដល់គេហដ្ឋានផងដែរ៕