(ភ្នំពេញ)៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការស្នើសុំការសហការពីក្រសួង-ស្ថាប័ន ដែលជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវទទួលជំនួយឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ ដែលមានបង្ហាញពីឈ្មោះផលិតផល ឬឈ្មោះក្រុមហ៊ុនផលិតផលថ្នាំជក់នោះទេ។

តាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការក្រើនរំឭកដល់ក្រុមហ៊ុនថ្នាំជក់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឆ្លៀតឱកាសផ្សព្វផ្សាយផលិតផលថ្នាំជក់ ឬការឧបត្ថម្ភជាសម្ភារផ្សេងៗ ដល់ក្រសួង-ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាទង្វើល្មើសច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ ការបញ្ជាក់បែបនេះរបស់សេចក្ដីប្រកាសព័ត៌មាន ក៏យោងតាមកិច្ចសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានចេញផ្សាយដោយវិទ្យុជាតិកម្ពុជា នាថ្ងៃទី០៨ សីហា ឆ្នាំ២០២១ ថ្មីៗនេះ។

លោកស្រីវេជ្ជបណ្ឌិតក៏បានស្នើសុំការសហការពីក្រសួង-ស្ថាប័ន ដែលជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវទទួលជំនួយឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ដែលមានបង្ហាញពីឈ្មោះផលិតផល ឬឈ្មោះក្រុមហ៊ុនផលិតផលថ្នាំជក់នោះទេ ដោយហេតុថា ការឧបត្ថម្ភនេះមិនមែនជាកិច្ចការសប្បុរសធម៌ ដែលចូលរួមចំណែកជួយសង្គមនោះឡើយ ផ្ទុយទៅវិញ ទង្វើទាំងនេះគឺជាការផ្សព្វផ្សាយក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ និងឆ្លៀតឱកាសផ្សព្វផ្សាយលើកតម្កើងកេរិ៍តឈ្មោះ និងដើម្បីផលប្រយោជន៍ក្រុមហ៊ុនថ្នាំជក់តែប៉ុណ្ណោះ ហើយនេះជាទង្វើល្មើសច្បាប់។

គួរបញ្ជាក់ថា មាត្រា៣ នៃអនុក្រឹត្យស្តីពីការបង្កើតនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានចែងហាមសមាជិករបស់ខ្លួនមិនឱ្យមានទំនាស់ផលប្រយោជន៍ ឬទំនាក់ទំនងជាមួយឧស្សាហកម្មថ្នាំជក់។ ក្រសួង-ស្ថាប័នមួយចំនួន និងរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ជាសមាជិកនៃគណៈកម្មាធិការនេះ។

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានសង្កេតឃើញថា កន្លងមក មានក្រុមហ៊ុនថ្នាំជក់មួយចំនួនបានឧបត្ថម្ភសម្ភារបង្ការកូវីដ១៩ ដល់ក្រសួង-ស្ថាប័ន និងរដ្ឋបាលក្រោមជាតិ ដោយបានផ្សព្វផ្សាយនូវសកម្មភាពទាំងនេះ ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបិទបាំងនូវការពិត ដែលថាការជក់បារីនេះហើយ ដែលបង្កហានិភ័យខ្ពស់ដល់ការឆ្លងជំងឺកូវីដ ហើយអ្នកជក់បារីដែលឆ្លងជំងឺកូវីដ ប្រឈមហានិភ័យសុខភាពខ្ពស់បំផុត បើធៀបទៅនឹងអ្នកមិនជក់បារី។

ក្រុមហ៊ុនបារីខ្លះទៀត បានឆ្លៀតឱកាសចែកចាយបារីដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្សាយពាណិជ្ជកម្មទាក់ទាញអ្នកជក់ថ្មី តាមរយៈផ្ទាំងរូបភាព តាមបណ្តាញព័ត៌មានសង្គម និងតាមភ្នាក់ងារផ្សាយពាណិជ្ជកម្មលក់បារីរបស់ខ្លួន។ សកម្មភាពទាំងអស់នេះ ផ្ទុយទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ។ បើក្រុមហ៊ុនថ្នាំជក់មានបំណងរួមចំណែកកាត់បន្ថយជំងីកូវីដមែន ក្រុមហ៊ុនគួរតែបញ្ឈប់ការផ្សាយលក់បារី និងបង្ហាញសកម្មភាពក្រុមហ៊ុនរបស់ខ្លួន ដើម្បីបិទបាំងការពិតទៀតទៅ។

គួរបញ្ជាក់ថា ដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥,០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ ៦៤៩ លានដុល្លារសហរដ្ឋ បើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា៕