(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ កម្លាំងប្រជាការពារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើអនាម័យនិងបាញ់ថ្នាំសម្លាប់មេរោគ សម្អាតបរិស្ថានក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីត្រៀមបើកទទួលសិស្សឱ្យចូលរៀនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

លោក ថេង សុថុល បានឱ្យដឹងថា ស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពធូរស្រាលហើយ ដោយសារមានការចូលរួមសហការទាំងអស់គ្នា ពីកម្លាំងប្រជាពលរដ្ឋ គ្រប់ស្រទាប់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ទើបធ្វើឱ្យចំនួននៃការឆ្លង និងអត្រានៃការស្លាប់នៃជំងឺកូវីដ-១៩ មានការថយចុះ។

លោក ថេង សុថុល បានបន្ថែមថា ការដែលប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតមានការបើកសាលារៀនឡើងវិញនេះ គឺជាពេលមួយដ៏ល្អប្រសើរសម្រាប់បន្តអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា ប៉ុន្តែទាមទាឱ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ ចូលក្នុងអគារសិក្សា ជាពិសេសត្រូវបន្ត ចូលរួមការអនុវត្តអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ឱ្យបានខ្ចាប់ខ្ជួន។

លោកអភិបាលខណ្ឌចំការមន បានសង្កត់ធ្ងន់ថា ឆ្លងតាមស្នារតីនៃអង្គប្រជុំជាមួយអភិបាលរាជធានី និងអាជ្ញាធរពាក់ព័ន្ធ បានឱ្យដឹងថាករណីសិស្សានុសិស្សដែលមិនបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺមិនអាចអនុញ្ញាតឱ្យចូលរៀនបានទេ រីឯការចូលរៀនរបស់សិស្ស គឺកំណត់ចំនួននៅតាមបន្ទប់នីមួយៗមិនឱ្យលើសពី ១៥នាក់។

សូមបញ្ជាក់ថា គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅក្រោយពីខកខាន អស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕