(ខេត្តបន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយបញ្ចប់ទំនាស់ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ របស់ពលរដ្ឋនៅលើទីតាំងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ, លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ, លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ, លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងមានសមាជិក គណៈកម្មាការដោះស្រាយបញ្ចប់ទំនាស់ និងភាគីពាក់ព័ន្ធ។

លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការធ្វើបទបង្ហាញជជែកឆ្លងឆ្លើយពិភាក្សារបស់ក្រុមការងារ និងភាគីពាក់ព័ន្ធទំនាស់ ក្នុងកិច្ចប្រជុំនេះក្រុមការងារ បានទទួលធាតុចូលថ្មីៗបន្ថែមទៀត ដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការឈានទៅដោះស្រាយបញ្ចប់រឿង វិវាទរ៉ាំរ៉ៃមួយនេះ ក្នុងពេលឆាប់ៗ ខាងមុខជាស្ថាពរ៕