(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានសម្រេចបើកឲ្យសិស្សចាប់ពីអនុវិទ្យាល័យ វិទ្យាល័យ និងសាលាពុទ្ធិកៈចូលសិក្សាវិញនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ហើយនៅថ្ងៃទី១១ ខែតុលា ទើបបើកឲ្យសិស្សថ្នាក់បឋមសិក្សាចូលរៀនតាមក្រោយ។

លោកអភិបាលខេត្ត បានសម្រេចដូច្នេះ បន្ទាប់ពីបានពិភាក្សា ជាមួយមន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីការបើកគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានឲ្យដឹងថា «រដ្ឋបាលខេត្តកំពង់ចាម នឹងបើកឲ្យសិស្សចូលរៀនចែកជា២ដំណាក់កាលរួមមាន៖

*ទី១៖ ឲ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ និងសាលាពុទ្ធិក:ចូលរៀននៅថ្ងៃទី២០ ខែកញ្ញា
*ទី២៖ ឲ្យសិស្សថ្នាក់បឋមសិក្សា ចូលរៀននៅថ្ងៃទី១១ ខែតុលា។ ការសម្រេចឲ្យសិស្សចាប់ពីអនុវិទ្យាល័យចូលរៀនមុននេះ ដោយសារពួកគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច ហើយម្យ៉ាងទៀតពួកគាត់ស្ថិតនៅក្នុងវ័យមួយ ដែលទទួលបានការអប់រំច្រើន អំពីវិធានការការពារ និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចំពោះសិស្សថ្នាក់បឋមសិក្សា រដ្ឋបាលខេត្តនឹងរៀបចំបើកឲ្យពួកគាត់ចូលរៀនវិញ នៅដំណាក់កាលទី២ ដោយទុកឱកាសឲ្យលោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ ក៏ដូចជាអាជ្ញាធរដែនដី បានរៀបចំយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងពួកគាត់ឲ្យបានល្អសិន ដោយហេតុថា សិស្សថ្នាក់បឋម គឺនៅតូចៗ ដែលពិបាកគ្រប់គ្រង។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះស្រុកដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ការបើកឲ្យសិស្សចូលរៀនមើលទៅតាមស្ថានភាពនោះដែរ ពោល ប្រសិនបើភូមិ ឃុំ នោះមានការឆ្លងច្រើន គឺមិនអនុញ្ញាតឲ្យបើកសាលានោះទេ៕