(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល, លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូនៃផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការគណបក្សនយោបាយក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច» ជាមួយនឹងបក្សកុម្មុនិស្តចិន និងគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងណានីង ខេត្តក្វាងស៊ី តាមប្រព័ន្ធវីដេអូ។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានអញ្ជើញចូលរួមដោយតំណាងគណបក្សនយោបាយ និងរដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសអាស៊ីខាងត្បូង។

កិច្ចពិភាក្សាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការគណបក្សនយោបាយក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច» ត្រូវបានរៀបចំដោយបក្សកុម្មុនិស្តចិន ក្នុងគោលបំណងបង្កើតការឯកភាពនយោបាយនៃការសម្របសម្រួល និងសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ ក្នុងតំបន់ និងការបង្កើនមិត្តភាពរវាងគណបក្សនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ដើម្បីពង្រឹង និងជំរុញការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕