(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ ខណៈ១៥នាក់រងរបួសធ្ងន់ និង៩នាក់ផ្សេងទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​​​ទូទាំងប្រទេស​កើតឡើងចំនួន ១៤លើក ក្នុងនោះយប់៧លើក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៦ម្សិលមិញ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ​នគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង១៤លើក​នេះ បណ្តាលឲ្យខូចខាតយាន​យន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូ​ចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៧​គ្រឿង រថយន្ត​ធុនធំចំនួន៣គ្រឿង និង​យានផ្សេងៗចំនួន១គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៨លើក, ស្រវឹង២លើក, ប្រជែងគ្រោះថ្នាក់២លើក និង​​កត្តាយានយន្ត១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍១១នាក់ (យប់២នាក់)។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៦ម្សិលមិញនេះផងដែរ​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្ត​ច្បាប់ចរា​ចរណ៍​​​ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន៥៨៧២គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន ២៦៨២គ្រឿង ​និងពិន័យ​សរុប៣១៩០គ្រឿង៕