(ភ្នំពេញ)៖ ស្រ្តីខ្មែរ ៣រូបទៀតហើយ ដែលបានចេញទៅធ្វើការងារនៅប្រទេសចិន និងម៉ាឡេស៊ី អស់ជាច្រើនឆ្នាំ ត្រូវបានក្រសួងការ បរទេសកម្ពុជា តាមរយៈឯកអគ្គរាជទូតប្រចាំនៅប្រទេសចិន និងម៉ាឡេស៊ី ជួយអន្តរាគមន៍ឲ្យបានវិលមកស្រុកកំណើតវិញ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៦នេះថា ស្រ្តីខ្មែរទាំង ៣រូបនេះ រួមមាន៖

១- ឈ្មោះ លី ធី អាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានទៅធ្វើការងារជាមេផ្ទះ នៅប្រទេសចិនដោយស័្មគ្រចិត្ត តាំងពីខែមិថុនា ឆ្នាំ២០១២។ លី ធី ត្រូវបានឯកអគ្គរាជទូតខ្មែរនៅចិន ជួយអន្តរា គមន៍ និងបានវិលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ តាមជើងយន្តហោះ MH ៧៥៤។

២- ឈ្មោះ ស៊ិន សុផល អាយុ ២៥ ឆ្នាំ មានស្រុកកំណើត នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានទៅប្រទេសម៉ាឡេស៊ីដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ តាមរយៈការបោកបញ្ឆោតរបស់មេខ្យល់ ធ្វើការតាមផ្ទះ ។ ស៊ិន សុផល ត្រូវបានថៅកែនាំទៅស្ថានទូតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់មានការធ្វើអន្តរាគមន៍របស់ស្ថានទូត ហើយថៅកែបានបើកប្រាក់ខែ បង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងទិញសំបុត្រយន្តហោះឲ្យធ្វើដំណើរត្រឡប់ មកមាតុប្រទេសវិញ។

ពលការីនី ស៊ិន សុផល នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១៥៖៥៥នាទី តាម ជើងយន្តហោះ AK ៥៣៤។

៣- ឈ្មោះ ទុយ សុខលីន អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានទៅប្រ ទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៤ ធ្វើការតាមផ្ទះ។ ដោយពុំមានលិខិតឆ្លងដែន ពលការីនីរូបនេះ បានទៅស្ថានទូតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការីនី ទុយ សុខលីន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ៧៖៣៥នាទីព្រឹក តាមជើងយន្តហោះ AK ៥៣៦។

លោក ជុំ សុន្ទរី បានឲ្យដឹងផងដែរថា អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតខ្មែរនៅម៉ាឡេស៊ី បានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ជូនដល់ពលការិនី ស៊ិន សុផល និង ទុយ សុខលីន ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៣ខែ (មករា-មីនា) ឆ្នាំ២០១៦នេះ ក្រសួងបានជួយអន្តរាគមន៍ជួយឲ្យ ពលករ-ពលការិនីខ្មែរ ៩៨នាក់ បានត្រឡប់មកស្រុកកំណើតវិញ។

ពលករ ពលការិនី ដែលជួយឲ្យត្រឡប់មកស្រុកកំណើតវិញនោះរួមមាន៖ ស្រ្តីរងគ្រោះ ១៣នាក់ មកពីប្រទេសចិន, ពលករ-ពលការិនី ៣៨នាក់ មកពីប្រទេសម៉ាឡេស៊ី, ពលការិនីរងគ្រោះ ០១នាក់ មកពីប្រទេសឡាវ, ពលការីនីរងគ្រោះ ០១នាក់ មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត, ពលរដ្ឋកម្ពុជា ០២នាក់ មកពីប្រទេសរុស្ស៊ី, ពលរដ្ឋកម្ពុជា ៣៦នាក់ មកពីប្រទេសវៀតណាម (៥នាក់ ស្ត្រីរងគ្រោះពីការជួញដូរមនុស្ស និង ៣១នាក់ចូលទៅលក់ឆ្នោតខុសច្បាប់) និងពលករ ០៧នាក់ ជួយសង្រ្គោះពីប្រទេសថៃ៕