(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង៣រសៀល លោក ស្រី ចំរើន នឹងដឹកនាំក្រុមយុវជន និស្សិត ឲ្យទៅកាន់គណបក្សសង្គ្រោះជាតិ ដើម្បីស្នើសុំឲ្យលោក កឹម សុខា ឬគណបក្ស ជួយបកស្រាយ៣ចំណុច ពាក់ព័ន្ធនឹងគម្រោងប្តឹងរូបលោក។

លោក ស្រី​ ចំរើន បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងដឹកនាំយុវជន និស្សិត និងយុវជនសង្គ្រោះជាតិ ៣០០នាក់ ស្នើសុំឲ្យលោកកឹម សុខា រឺបក្សសង្គ្រោះជាតិ បកស្រាយ៣ចំនុច៖

១៖ បណ្តឹងដែលប្តឹងខ្ញុំ ពីបទរំលោភកម្មសិទ្ធបញ្ញា។
២៖ រដ្ឋធម្មនុញ្ញ មាត្រា៣៥ (ពលរដ្ឋមានសិទ្ធ ធ្វើនយោបាយ)។
៣៖ សេចក្តីប្រកាស (CNRP កើតចេញពីរាស្រ្ត និងជារបស់រាស្រ្ត) សង្ឃឹមថា យើងខ្ញុំនឹងទទួលបានការបកស្រាយ។

លោក ស្រី ចំរើន តំណាងឱ្យក្រុមនិស្សិត និងយុវជន ដែលទាមទារឱ្យ​ លោក កឹម សុខា ឆ្លើយបំភ្លឺចំពោះសំឡេងខ្សែអាត់ស្នេហា បានអះអាងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ លោកជឿជាក់ថា គណបក្សសង្គ្រោះជាតិ មិនហ៊ានប្តឹងលោកទេ ដោយលោកបញ្ជាក់ថា គណបក្សប្រឆាំងគ្រាន់តែគំរាមលោកប៉ុណ្ណោះ មិនមានចិត្តតតាំងជាមួយរូបលោកទេ និងបញ្ជាក់ថា CNRP មិនមែនជាកម្មសិទ្ធបញ្ញា របស់បុគ្គលណាម្នាក់ទេ។

យុវជនដែលសកម្មក្នុងការតវ៉ា ក្នុងករណីរឿងអាស្រូវផ្លូវភេទលោក កឹម សុខា ជាមួយស្រីស្នេហ៍នោះ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្តិចថា៖ «ខ្ញុំជឿជាក់ថា CNRP មិនហ៊ានប្តឹងខ្ញុំទេ»។ យោងតាមសេចក្តីប្រកាសរបស់បក្សសង្គ្រោះជាតិថា CNRP គឺជាបក្សកើតចេញពីឆន្ទៈរាស្រ្ត និងជារបស់រាស្រ្តទាំងអស់គ្នា, ច្បាប់បង្កើតបក្សនយោបាយ ត្រូវមានសមាជិក៤០០០នាក់, រដ្ឋធម្មនុញ្ញ មាត្រា៣៥ (ពលរដ្ឋមានសិទ្ធ ធ្វើនយោបាយ) យោងខាងលើបញ្ជាក់ថា CNRP មិនមែនជាកម្មសិទ្ធបញ្ញារបស់បុគ្គលណាម្នាក់ទេ៕

Advertising