(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ជាក់ប្រាប់មូលហេតុ នៃការកំណត់យកថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ជាថ្ងៃកំណើតផ្លូវការរបស់សម្តេច ដោយថ្ងៃខួបកំណើតពិតប្រាកដ របស់សម្តេចមិនមែន ជាថ្ងៃទី៤ មេសាទេ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ប៉ុន្តែសម្តេចពន្យល់ថា ថ្ងៃទី៤ ខែមេសា គឺជាថ្ងៃដែលសម្តេចតេជោ ចូលបម្រើកងទ័ពលើកដំបូង តាមការអំពាវនាវ របស់សម្តេចព្រះនរោត្តម សីហនុ ដោយនៅពេលចុះឈ្មោះសម្តេច មិនបានចាំថ្ងៃកំណើតពិតប្រាកដ ក៏កំណត់យកថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២ ស្រួលចាំ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា រហូតមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ នៅពេលបង្កើតរដ្ឋាភិបាល អ្នកវាយអង្គុលីលេខ ក៏យកថ្ងៃទី៤ ខែមេសា ជាថ្ងៃកំណើតរបស់សម្តេចដដែល ប៉ុន្តែខុសឆ្នាំទៅវិញ ពីឆ្នាំ១៩៥២ មកឆ្នាំ១៩៥១ នឹងបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសផងដែរ។ បើទោះបីការដាក់ឆ្នាំខុសក្តី ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន សប្បាយចិត្តទៅវិញ ព្រោះសម្តេចពេលនោះ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសក្នុងវ័យ២៧ឆ្នាំ គឺក្មេងខ្លាំងណាស់។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ក្នុង Facebook Page របស់សម្តេចយ៉ាងដូច្នេះថា៖

នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃទី៤ ខែមេសា ដែលជាថ្ងៃកំណើតមិនពិតប្រាកដ តែជាថ្ងៃកំណើតផ្លូវការរបស់ខ្ញុំដែលកំណត់យកថ្ងៃទី៤ ខែមេសា ១៩៥១។

ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ទី១៥ កើត ខែស្រាពណ៍ ឆ្នាំ រោងចត្វាស័ក ព.ស ២៤៩៦។ តើហេតុអ្វីបានជាយកថ្ងៃ៤មេសា១៩៥១ ជាថ្ងៃកំណើតទៅវិញ?

ថ្ងៃ៤ ខែមេសា ១៩៧០ ខ្ញុំចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ។ ពេលធ្វើការចុះឈ្មោះ ខ្ញុំមិនចាំថ្ងៃខែកំណើតខ្លួនឯង ដូចនេះក៏កំណត់យក ថ្ងៃ៤ ខែមេសា ឆ្នាំ១៩៥២ ជាថ្ងៃកំណើតដើម្បីងាយចងចាំ។ ពេលនោះខុសថ្ងៃ ខែ តែត្រូវឆ្នាំរហូតដល់ថ្ងៃ៨ ខែមករា ឆ្នាំ១៩៧៩ ពេលបង្កើតរដ្ឋាភិបាល ពេលនោះបងប្អូនវាយអង្គុលីលេខបានវាយខុសឆ្នាំ ពីឆ្នាំ១៩៥២ មកឆ្នាំ១៩៥១ និងផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសរួចទៅហើយ។

ក្រោយពេលដឹង ខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះពេលនោះខ្ញុំត្រូវបានតែងតាំងជា រដ្ឋមន្ត្រីការបរទេសក្នុងវ័យ២៧ឆ្នាំ គឺក្មេងខ្លាំងណាស់ តែបើយកតាមការវាយខុស និងកើនបាន១ឆ្នាំទៀត។ ពេលនេះចង់បន្ថយក៏មិនបានត្រូវរក្សា ថ្ងៃខែឆ្នាំនេះ តទៅទៀតសំខាន់ឱ្យតែភរិយាខ្ញុំហៅខ្ញុំថាបងទៅបានហើយ កុំឱ្យហៅខ្ញុំថាតា ទុកពាក្យតាឱ្យចៅហៅវិញ៕

Advertising