(ពោធិ៍សាត់)៖ ទំនាស់ និងបញ្ហាប្រឈមប្រមាណ ១០ករណីផ្សេងគ្នា ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ ជូនប្រជាពលរដ្ឋទៅតាមលទ្ធភាពជាក់ស្តែង និងទៅតាមតួនាទីជាសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាឱកាសវេទិកាដោះស្រាយក្តី ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្តជាមួយនឹងប្រជាជន នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចដំណោះស្រាយខាងលើ ធ្វើឡើងក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយបន្តិច ព្រោះខកខានមួយរយៈដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ អភិបាលក្រុងស្រុក អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធផ្សេងទៀត។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលលោកតែងតែជួបជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយសេចក្តី។

ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ លោកបានផ្អាកការធ្វើវេទិកាដោះស្រាយជាលក្ខណៈទ្រង់ទ្រាយធំមួយរយៈ ទើបតែស្ថានភាពនេះធូរស្បើយបន្តិច លោកបានសម្រេចជ្រើសរើសសំណុំរឿងដែលចាំបាច់បំផុតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ យកមកសម្របសម្រួល និងដោះស្រាយ។ ជាក់ស្តែង នាព្រឹកនេះ គឺមាន ១០ករណី រួមមាន៖ ករណីលួចធ្វើប្លង់ដី, ករណីបោកលុយរត់ការប្លង់ដី, ករណីម្តាយក្មេកបណ្តេញចេញពីផ្ទះ, ករណីសុំទាមទារទ្រព្យសម្បត្តិ, ករណីសុំធ្វើប្លង់កាន់កាប់ដី, ករណីបែងចែកដី, ករណីទំនាស់ដីកេរ្តិ៍, ករណីហិង្សាក្នុងគ្រួសារ, ករណីជំពាក់ប្រាក់ធនាគារ និងករណីបញ្ចាំមាស ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តន៍តាមវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។

ប្រធានការិយាល័យប្រជាពលរដ្ឋរូបនេះបានបន្តថា យន្តការដែលលោកកំពុងតែអនុវត្តនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ក្រោមជាតិផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ពិសេសទៅលើបញ្ហាប្រឈម និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

តាមរយៈវេទិកាសម្របសម្រួល និងដោះស្រាយខាងលើ បានធ្វើឱ្យប្រជាពលរដ្ឋពេញចិត្តក្នុងការទទួលយក និងសាទរយ៉ាងខ្លាំងចំពោះយន្តការដោះស្រាយដ៏មាន​ប្រសិទ្ធ​ភាព ជាពិសេសពួកគាត់បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ជូនអភិបាលខេត្តដ៏ល្អ យល់អំពីសុខទុក្ខ​របស់​ពល​រដ្ឋ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមកទទួលដំណោះស្រាយ ខ្លះក៏ទទួលបានអង្ករ សារុង ក៏ដូចជាថវិកាបន្តិចបន្តួចសម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕