(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឡើងការពារសេចក្តីព្រាងច្បាប់ចំនួន៣ ដែលត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័តនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ សេចក្តីព្រាងច្បាប់ទាំង៣នោះ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​តំបន់(អាសិប), សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានោះ លោកបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោកស្រី និន សាផុន សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបអង្គប្រជុំអំពីវឌ្ឍនភាព និងដំណើរការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ទាំងបីខាងលើ។

ក្នុងនោះគណៈកម្មការទី២ ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងគណៈកម្មការទី៩នៃរដ្ឋសភា សហការជាមួយគណៈកម្មការទី៥ ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

លោក ជាម យៀប និងលោកស្រី និន សាផុន បានគូសបញ្ជាក់ថា ការស្នើសុំអនុម័តលើសេចក្តីព្រាងច្បាប់ទាំងបីនេះបានបំពេញត្រឹមត្រូវតាមបទបញ្ញត្តិដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានរាយការណ៍ជូនអង្គប្រជុំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ​អន្តរក្រសួង-ស្ថាប័ន​ដឹកនាំដោយ​ក្រសួង​ពាណិជ្ជកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងអាណត្តិប្រគល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួន​ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសក្រោមផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល នៃចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងជាពិសេសការចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ ដែលជាយន្តការដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មទីផ្សារ និងលើកកម្ពស់ការ​តភ្ជាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌតំបន់ ។

អង្គប្រជុំបានសម្តែងការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច និងជាពិសេសការខិតខំប្រឹងប្រែងបញ្ចប់ការ​ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរខាងលើ ប្រកបដោយជោគជ័យស្របតាមអាណត្តិផ្តល់​ជូនដោយប្រមុខរាជរដ្ឋាភិបាល។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក អង្គប្រជុំបានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូលដែលបានអនុម័ត​យល់ព្រមលើសេចក្តីព្រាងច្បាប់​ទាំងបីខាងលើ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃ​ប្រទេសកម្ពុជាឱ្យ​កាន់តែប្រសើរឡើង ជាពិសេសនឹងចូលរួមយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩ នេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ នឹងប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជនឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្ត និងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងនិងច្បាប់ទាំងបីនេះ ឱ្យបានជាអតិបរិមា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើតការងារនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕