(ភ្នំពេញ)៖ បុរសសន្តិសុខយាមប្រចាំការ នៅក្រុមហ៊ុនគូបូតា ស្ថិតនៅតាម ផ្លូវលេខ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តចេញពីក្រុមហ៊ុន ស្រាប់តែជ្រុលទៅបុករបងទ្វារសាលាឯកជននៅក្បែរនោះ ហើយបានជ្រុលទៅបុកម៉ូតូកង់៣មួយគ្រឿង បណ្តាលឲ្យរងរបួសឪពុក និងកូនតូច ២នាក់។

ភ្នាក់ងារអង្គភាពព័ត៌មានFresh News បានរាយការណ៍ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦៖១០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍បានបន្តថា ក្រោយកើតហេតុ ជនរងគ្រោះជាឪពុក និងកូនតូចទាំង២នាក់ ត្រូវបានសមត្ថកិច្ចជួយហៅ រថយន្តពេទ្យដឹកយកទៅសង្គ្រោះ រីឯអ្នកបើករថយន្តត្រូវ សមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕