(ភ្នំពេញ)៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមជាមួយនឹងវត្តមានរបស់លោកវរសេនីយ៍ឯក Thang Ly ដែលត្រូវណែនាំខ្លួនក្នុងឱកាស ដែលលោកត្រូវចូលកាន់តំណែងជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យបានល្អ និងអំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យសុខាភិបាលដែលបានអនុវត្តកន្លងមក ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

លោកបានសម្តែងនូវការកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿនរហ័ស និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះសម្រេចលទ្ធផលជាង៩០% លើចំនួនប្រជាជនគោលដៅ។

ជាការឆ្លើយតប អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីជំហររបស់កងទ័ពជើងគោកកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរង់ចាំស្វាគមន៍ជានិច្ច ក្នុងការសហការជាមួយលោកអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ដើម្បីពិភាក្សាកិច្ចការនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

ឆ្លៀតក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងនោះរួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Johnson & Johnson ជាង ០១លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (Covax) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កាលពីខែកក្កដា និងសីហាកន្លងទៅ ដែលនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕