(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងមើលលើការរៀបចំវិទ្យាល័យព្រះអង្គឌួង ស្ថិតនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីត្រៀមក្នុងការបើកឲ្យដំណើរការចូលរៀនឡើងវិញ នាពេលខាងមុខនេះ។

លោក ជា សុមេធី បានលើកឡើងថា ការចុះពិនិត្យស្ថានភាពជាក់ស្តែង នៃការរៀបចំសាលារៀនដើម្បីបើកឲ្យដំណើរការឡើងវិញនៅពេលខាងមុខនេះ ដោយយោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យអភិបាលរាជធានី-ខេត្តត្រូវត្រៀមរៀបចំបើកសាលារៀនឡើងវិញនៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួនតិចនៃជំងឺកូវីដ១៩។

លោកអភិបាលខេត្ត ក៏ស្នើសុំដល់អភិបាលក្រុងស្រុកទាំង១៣ ត្រូវចុះរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ក្នុងភូមិសាស្ត្រក្រុង-ស្រុកនីមួយៗ ជាពិសេសកាលពីកន្លងមក សាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវរៀបចំឲ្យបានស្អាតឡើងវិញ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានស្នើឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិនិត្យ និងណែនាំតាមសាលានីមួយៗ ជាពិសេសនាយកសាលានីមួយៗ ត្រូវសហការជាមួយនឹងមន្ទីរពេទ្យបង្អែក ការិយាល័យអប់រំស្រុក និងអភិបាលស្រុកនិមួយៗ ដើម្បីពិនិត្យ និងវាយតម្លៃមើលលទ្ធភាពទីតាំងដែលមានហានិភ័យទាប ហានិភ័យមធ្យម និងហានិភ័យខ្ពស់មុននឹងស្នើសុំបើកសាលាឡើងវិញ។

លោក ជា សុមេធី បានជំរុញដល់អភិបាលក្រុងស្រុក និងមន្ទីរពាក់ព័ន្ធត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានូវវិធាន «៣ការពារ និង៣កុំ» ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នា បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ឌែលតា (Delta) ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងខណៈដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នាផងដែរ៕