(ព្រះវិហារ)៖ ផ្សារកំពង់ប្រណាក ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នឹងបើកដំណើរការឲ្យអាជីវករចូលលក់ដូរវិញជាធម្មតា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះហើយ បន្ទាប់ពីផ្សារនេះត្រូវបានបិទខ្ទប់បណ្តោះអាសន្នមួយរយៈពេល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

បន្ទាប់ពីផ្សារកំពង់ប្រណាកត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏បានស្នើសុំថវិកាទៅសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដើម្បីយកមកធ្វើការអភិវឌ្ឍផ្សារឲ្យមានសោភណ្ឌភាពឡើងវិញ។ ដោយក្នុងនោះបានធ្វើការអភិវឌ្ឍផ្លូវបេតុងជុំវិញផ្សារ បានចំនួន៣ខ្សែ សរុបចំនួន ៦២០ម៉ែត្រ ទទឹង១០ម៉ែត្រ និងបានដាក់លូអ៊ុយសងខាងផ្លូវបានប្រវែង ១.២៤០ម៉ែត្រផងដែរ។

ជាមួយគ្នានេះដែរលោក ប្រាក់ សុវណ្ណ និងលោកស្រី ស ចេង ក៏បានឧបត្ថម្ភថវិកាចំនួន ៤២លានរៀលទៀត សម្រាប់ចូលរួមអភិវឌ្ឍផ្សារកំពង់ប្រណាកផងដែរ។ ដោយក្នុងនោះថវិកាចំនួន ៨លានរៀល សម្រាប់រៀបចំប្រព័ន្ធផ្សព្វផ្សាយ ដោយទិញមេក្រូ និងអាំភ្លីមួយឈុតសម្រាប់បំពាក់នៅក្នុងផ្សារ។

ថវិកា ៥លានទៀត សម្រាប់ទិញអំពូលសូឡាបំពាក់ជុំវិញផ្សារ និងរៀបចំកែលម្អសោភ័ណ្ឌក្នុងបរិវេញផ្សារ និងថវិកាចំនួន ២៩លានរៀលទៀត សម្រាប់ឧបត្ថម្ភម្ហូបអារហារដល់មន្ត្រី និងកម្លាំងសមត្ថកិច្ច ក៏ដូចជាទូទាត់ថ្លៃឈ្នួលគ្រឿងចក្រ។

គណៈកម្មការផ្សារ និងបងប្អូនអាជីវកផ្សារកំពង់ប្រណាកទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ក៏ដូចជាលោក ប្រាក់ សុវណ្ណ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ដែលបានចូលរួមបរិច្ចាកថវិកាអភិវឌ្ឍផ្សារកំពង់ប្រណាក។

សូមបញ្ជាក់ថា ផ្សារកំពង់ប្រណាកត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នចំនួន ៥លើក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ១៩។ ស្របពេលផ្សារនេះបើកដំណើរការឲ្យអាជីវករចូលលក់ដូរឡើងវិញនៅថ្ងៃស្អែកនេះ គណៈកម្មការផ្សារ អំពាវនាវដល់បងប្អូនអាជីវករទាំងអស់ ត្រូវចូលរួមសម្អាតអនាម័យ បរិស្ថាននៅកន្លែងលក់ដូររបស់ខ្លួនឲ្យបានស្អាត ពិសេសត្រូវបន្តចូលរួមអនុវត្ត ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩៕