(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តាំផ្ញើនូវការថ្លែងអំណរគុណតាមរយៈអនុព័ន្ធយោធារុស្ស៉ី ជូនចំពោះ លោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលបានផ្តល់នូវគ្រឿងឥស្សរិយយស «ថ្នាក់មិត្តភាព-Order of Friendship» ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការជំរុញ និងពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។

ការផ្តាំផ្ញើការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសដែលលោក បានអនុញ្ញាតឱ្យ លោកវរនាវីឯក Ivan Stadchenko អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមានរបស់លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងជំនួបនេះ អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីដែលបញ្ចប់អាណត្តិ បានថ្លែងអំណរគុណចំពោះ លោក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលតែងបានជួយគាំទ្រ និងបង្កលក្ខណៈដល់ការបំពេញបេសកកម្មការទូតយោធារបស់លោកទទួលបានជោគជ័យ ជាពិសេសការសម្របសម្រួលផ្តល់លទ្ធភាពលើកិច្ចសហការនានាជាមួយបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក។ ទន្ទឹមគ្នានេះ លោកក៏បានសម្តែងនូវការគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកវរនាវីឯក Ivan Stadchenko ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យក្នុងអាណត្តិការងារកន្លងមក ដោយសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងយោធា និងយោធា។

លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីថ្មីប្រចាំនៅកម្ពុជា បានសម្តែងនូវការរីករាយ ដែលបានទទួលការតែងតាំងឱ្យមកបំពេញការងារនៅកម្ពុជា និងបានជម្រាបជូនថា ជាមួយនឹងបទពិសោធន៍ដែលលោកមានជាច្រើនឆ្នាំនៅក្នុងតំបន់អាស៊ាន លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលបន្តអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕