(បន្ទាយមានជ័យ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ចំនួន៦០០ គ្រួសារ។

ពិធីចែកអំណោយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារប្រចាំការដឹកនាំ អភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ។

លោក ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងល្អប្រសើរ ទើបអាចធ្វើឱ្យតំបន់បឹងជង្រុក មានលទ្ធភាពបញ្ចប់វិវាទរ៉ាំរ៉ៃ និងបានបន្តដំណើរអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលឈានមកសម្រេចបានជិត៩០ភាគរយដូចសព្វថ្ងៃ។

ជាមួយគ្នានេះ លោកក៏បានរំលឹកអំពីអតីតកាលកម្សត់កម្រ តស៊ូរយៈពេលជិតមួយឆ្នាំលើទឹកដី នៃតំបន់បឹងជង្រុកមុននឹងមានថ្ងៃនេះ។

ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងការលើកឡើងរបស់លោក ប៉ាន់ខែម ប៊ុនថន បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានសម្តែងទឹកចិត្តរំភើបសប្បាយរីករាយក្រៃលែង ចំពោះការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះបងប្អូនប្រជាពលរដ្ឋ តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានទទួលសមិទ្ធផលជាប្រវត្តិសាស្រ្ត និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ ក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលជាទឹកដីកំណើតនយោបាយឈ្នះឈ្នះ។ គុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចងចាំជានិច្ចក្នុងដួងចិត្ត និងបេះដូងបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ៕