(ភ្នំពេញ)៖ អង្គការផ្ទះបាយកុមារ ជាជម្រកមួយសម្រាប់កុមារក្រខ្សត់ និងក្មេងកំព្រាជាដើម ដែលអាចមកពិសាអាហារដោយឥតគិតថ្លៃ ហើយអង្គការនេះ ក៏តែងតែទទួលបានជំនួយពីសប្បុរសជននានាផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន សម្ភារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមទាំងថវិកាចំនួន១០លានរៀល ជូនដល់អង្គការនេះ ដើម្បីបន្ដសកម្មភាពជួយដល់កុមារខ្វះខាតនៅកម្ពុជា។

ការផ្ដល់ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន រួមទាំងថវិកានេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១ កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅអង្គការផ្ទះបាយកុមារ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១កាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ង៉ូវ ឈីវ ប្រធានអង្គការ ដែលបានជួយផ្ដល់ទាំងអាហារ និងការបណ្តុះបណ្តាលកុមារកំព្រា ក្រខ្សត់ តាមទីសាធារណៈទាំងនៅរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត ក្នុងខេត្តកំពង់ស្ពឺ។

លោកស្រីក៏បានលើកទឹកចិត្ដកុមារ និងយុវជននៅអង្គការផ្ទះបាយកុមារ ត្រូវជម្នះនឹងការលំបាកបន្ដទៀត និងខិតខំប្រឹងប្រែងរៀនសូត្រ មានតែចំណេះដឹងទេ ដែលជាថ្នាលបំភ្លឺអនាគតដ៏រុងរឿង។

ជាមួយគ្នានោះ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្ដទុកដាក់ ក្ដីអាណិតស្រលាញ់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅនូវទឹកចិត្ដដ៏សប្បុរស ប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់អំណោយជាស្បៀងឧបភោគបរិភោគ សម្ភារមួយចំនួនទៀត និងថវិកា តាមរយៈលោកស្រី ម៉ែន នារីសោភ័គ។

ដោយឡែក កញ្ញា ល័ក្ខ សូនីតា ដែលជាយុវជននៅអង្គការផ្ទះបាយកុមារ បានរៀបរាប់ទាំងអួតដើមក ពីការតស៊ូនៃជីវិតក្រខ្សត់ និងបានថ្លែងអំណរគុណដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ យកចិត្ដទុកដាក់ និងជួយឧបត្ថម្ភជាស្បៀងអាហារ និងថវិកា ដើម្បីទ្រទ្រង់ដល់កុមារនៅផ្ទះបាយកុមារនេះ។

ចំពោះកញ្ញា ស្រី កែវ ដែលជាយុវជននៅអង្គការផ្ទះបាយកុមារ ក៏បានលើកដៃប្រណមថ្លែងអំណរគុណដ៏ជ្រាលជ្រៅនូវចិត្ដសប្បុរសប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹករលឹកដល់កូនចៅ ពិសេសមានទឹកចិត្ដដ៏សែនល្អសម្រាប់ប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះ អង្គការផ្ទះបាយកុមារ បានគោរពជូនពរដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អបរិបូរណ៌ អាយុយ៉ឺនយូរ ដើម្បីធ្វើជាម្លប់ដល់កូនចៅតទៅមុខទៀត។ លើសពីនោះ កុមារ ក៏ដូចជាយុវជននៅអង្គការនេះ មានក្ដីប្រាថ្នាថា ចង់ជួប និងឃើញវត្ដមានដោយផ្ទាល់ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌កម្ពុជា។

សូមជម្រាបថា អំណោយដែលផ្ដល់ជូនអង្គការផ្ទះបាយកុមារ រួមមាន៖ អង្ករ៣តោន, មី២០០កេស, ត្រីខ១៥កេស, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ, អំបិល១០០គីឡូក្រាម, ប្រេងឆា៣កេស, ទឹកបរិសុទ្ធ២០កេស ភេសជ្ជៈ១០០កេស, ម៉ាសចំនួន៥កេស និងថវិកា១០,០០០,០០០រៀល៕