(ភ្នំពេញ)៖ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នឹងបើកដំណើរការឱ្យសិស្សានុសិស្ស បានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឲ្យសិស្សានុសនុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា «ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់ បានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណា អាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩»

ទន្ទឹមនឹងនេះលោក ឃួង ស្រេង ក៏បានជំរុញ ឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្ត ការងារនេះ ចាប់ពីថ្ងៃស្អែកទី១០ ខែកញ្ញានេះតទៅ។

លោកបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់ គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យ ឃើញថា បានបំពេញនូវលក្ខន្តិកៈ ដែលរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះ នឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ។

លោក ឃួង ស្រេង បានបន្តទៀតថា «ការបើកសាលារៀននេះ គឺជាជំហានដំបូងមួយ នៃការបើកឲ្យដំណើរការឡើងវិញ នូវវិស័យផ្សេងៗទៀត មានន័យថា បើការបើកឲ្យដំណើរការ ការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ ដំណើរការល្អហើយនោះ យើងក៏នឹងអាចបន្តបើកឡើងវិញ នូវវិស័យទេសចរណ៍ ជាបន្តបន្ទាប់ទៀតផងដែរ»