(ភ្នំពេញ)៖ លោក មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាន រាជធានីភ្នំពេញ បានថ្លែងថា ការផ្ដល់ជំនួយនិងសេវាជួយទៅដល់កុមារ និងគ្រួសាររងគ្រោះ, ងាយរងគ្រោះ ដែលជួបប្រទះហានិភ័យ ត្រូវបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងកិច្ចសហការ ចូលរួមក្នុងភាពជាដៃគូរអភិវឌ្ឍន៍ ពីតាមបណ្ដារអង្គការសមាគម អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា។

លោក មុំ ចាន់ដានី បានបញ្ជាក់ដូចនេះនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទានរាជធានីភ្នំពេញ បានសហការជាមួយអង្គការមិត្តសម្លាញ់ ដើម្បីប្រឹក្សាយោបល់ផ្ដល់សេវាបន្ត និងសមាហរណកម្មកុមារ និងគ្រួសារកុមារអនាថាចំនួន ១០គ្រួសារ ដែលមានសមាជិកសរុប ២៥នាក់ (កុមារ ១៦នាក់ និងកុមារកំព្រាគ្មានឪពុកម្ដាយចំនួន ០១នាក់) ដើម្បីផ្ដល់ជំនួយឧបត្ថម្ភគាំទ្រលើសេវាការបង្ការទប់ស្កាត់, សេវាជំនួយសង្គ្រោះបន្ទាន់ និងចាំបាច់, សេវាស្ដារនីតិសម្បទា និងសមាហរណកម្ម។

លោក មុំ ចាន់ដានី បានបញ្ជាក់ទៀតថា កុមារអនាថា និងគ្រួសាររងគ្រោះ ងាយរងគ្រោះទាំងនេះ ត្រូវបានទទួលពីអាជ្ញាធរមូលដ្ឋាន ដែលបានសង្គ្រោះនិងបញ្ជូនឱ្យទៅ មន្ទីរសង្គមកិច្ច ដើម្បីផ្ដល់សេវាបន្តក្រោយពេលបានយកសំណាកកូវីដ-១៩ នឹងធ្វើចត្តាឡីស័ក២១ ថ្ងៃរួចរាល់។

លោកស្រីបានបន្ថែមថា ក្រោយចប់ការពិគ្រោះយោបល់ ដោយមានការចូលរួមគាំទ្រ និងលើកកម្ពស់ផ្នែកជីវភាពរបស់គាត់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះបានធ្វើសមារ ណកម្មដូចជា៖ សហគមន៍មានជ័យ ០៤គ្រួសារ, សហគមន៍ខេត្តកណ្ដាល ០៣គ្រួសារ, ខេត្តកណ្ដាល ០១គ្រួសារ, ខេត្តកំពង់ស្ពឺ ០១គ្រួសារ, កំពង់ចាម ០១គ្រួសារ , កុមារកំព្រាចំនួន ០១នាក់ ទទួលបានការថែទាំជំនួសក្នុងមណ្ឌលនៃអង្គការមិត្តសម្លាញ់៕