(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ប្រទេសជាសមាជិកបានអនុម័តក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់ ឆ្នាំ២០៣០។ នេះបើតាមសេចក្តីថ្លែងការណ៍រួម កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ បានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធានដឹកនាំ។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដោយយល់ដឹងថា ទសវត្សរ៍ថ្មីនេះបាននាំមកនូវនិន្នាការថ្មីៗ ការគំរាមកំហែងកាន់តែខ្លាំង ក៏ដូចជាកាលានុវត្តភាពថ្មីៗ យើងគាំទ្រពេញទំហឹងចំពោះតម្រូវការផែនទីបង្ហាញផ្លូវថ្មីសម្រាប់អនាគត។ ដូច្នេះ យើងផ្តល់ការអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្រ មហាអនុតំបន់មេគង្គឆ្នាំ២០៣០ ឬ GMS ២០៣០»

ប្រទេសមហាអនុតំបន់មេគង្គ មានទំនុកចិត្តថា GMS ២០៣០ ជាមួយនឹងការបង្ហាញយ៉ាងច្បាស់នូវបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលខាងមុខ អាទិភាពសំខាន់ៗ ដែលបានកំណត់ដើម្បីដោះស្រាយ និងទាញយកអត្ថប្រយោជន៍ពីសសរស្តម្ភនៃការតភ្ជាប់ ភាពប្រកួតប្រជែង និងភាពជាសហគមន៍ឆ្ពោះទៅរកបេសកកម្មថ្មីមួយ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើនិរន្តរភាពបរិស្ថាននិងភាពធន់ ការធ្វើសមាហរណកម្មផ្ទៃក្នុងនិងខាងក្រៅ និងបរិយាបន្ន នឹងធានាបាននូវភាពសំខាន់ និងការឆ្លើយតបរបស់កម្មវិធី GMS ក្នុងទសវត្សរ៍នេះ ព្រមទាំងសម្រេចបានចក្ខុវិស័យ GMS ថ្មីនៃអនុតំបន់ដែលប្រកបដោយសមាហរណកម្ម វិបុលភាព ចីរភាព និងបរិយាបន្នកាន់តែប្រសើរ។

ប្រទេសមហាអនុតំបន់មេគង្គ ប្តេជ្ញាសម្រេចឱ្យបានតាមគោលបំណងរបស់ GMS ២០៣០ ក្នុងការជំរុញអភិក្រមប្រកបដោយនវានុវត្តន៍សម្រាប់អន្តរវិស័យគន្លឹះ រួមមាន៖ ការច្បាមយកបដិវត្តន៍ឌីជីថល ដើម្បីប្រែក្លាយវិស័យសំខាន់ៗនៃសេដ្ឋកិច្ចឆ្ពោះទៅរកប្រសិទ្ធផល និងបរិយាបន្នកាន់តែធំជាងមុន អភិក្រមនគរូបនីយកម្មកាន់តែប្រសើរ ផ្អែកលើបណ្តាញរួមនៃរបៀងសេដ្ឋកិច្ច តំបន់ព្រំដែនដែលមានថាមវ័ន្ត និងបណ្តុំទីក្រុងវៃឆ្លាត និងមានភាពប្រកួតប្រជែង ដែលមានទំនាក់ទំនងដ៏ប្រសើរជាមួយតំបន់ជនបទ ជំរុញអន្តរតភ្ជាប់ថាមពល និងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការបង្កើតទីផ្សារថាមពល ប្រកបដោយភាពប្រកួតប្រជែងក្នុងរយៈពេលវែង ធ្វើឱ្យកាន់តែស៉ីជម្រៅនូវកិច្ចសន្ទនាគោលនយោបាយ និងបទប្បញ្ញត្តិ គាំទ្រដំណោះស្រាយដោយផ្អែកលើពុទ្ធិ និងការកសាងសមត្ថភាពក្រសោបយកដំណោះស្រាយវិស័យឯកជន ដើម្បីធ្វើអានុភាវូបនីយកម្មជំនាញនិងហិរញ្ញប្បទាន ការទទួលស្គាល់នូវសារៈសំខាន់នៃតួនាទី និងការខិតខំប្រឹងប្រែងរបស់ស្ត្រីដើម្បីទទួលបានសមភាពយេនឌ័រកាន់តែច្រើនក្នុងការអភិវឌ្ឍ ជំរុញកម្មវិធី GMS ឱ្យក្លាយជាថ្នាលបើកចំហនិងសហការយ៉ាងជិតស្និទ្ធ និងធ្វើសហកម្មនិងការបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយនឹងគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ដទៃទៀត រួមមានសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី- ចៅផាយ៉ា- មេគង្គ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់នានា និងបង្កើតក្របខ័ណ្ឌត្រតពិនិត្យលទ្ធផល។

ប្រទេសមហាអនុតំបន់មេគង្គ ក៏គាំទ្រដល់ការផ្តោតលើ GMS ២០៣០ ដើម្បីច្បាមយកកាលានុវត្តភាពនៅក្នុងសេដ្ឋកិច្ចសកលដែលមានអន្តរតភ្ជាប់ និងលើកស្ទួយបរិស្ថានធុរកិច្ចដែលបើកចំហ យុត្តិធម៌ និងមិនរើសអើង ដែលគាំទ្រដោយសេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍។ ប្រទេសមហាអនុតំបន់មេគង្គ នឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ពន្លឿន បម្រែបម្រួលឌីជីថល ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងបងញគម្លាតឌីជីថល។

ដោយទទួលស្គាល់នូវផលប៉ះពាល់ដែលបន្តអូសបន្លាយយូរទៀត ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងតម្រូវការពន្លឿនដំណើរការស្តារឡើងវិញ ប្រទេសមហាអនុតំបន់មេគង្គ ក៏បានស្វាគមន៍ ផ្តល់ការអនុម័តនូវការឆ្លើយតបនឹងកូវីដ-១៩ និងផែនការស្តារឡើងវិញ ឆ្នាំ ២០២១-២០២៣ ដែលនឹងបំពេញបន្ថែមដល់ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS ២០៣០ ដោយផ្តោតកិច្ចខិតខំប្រឹងប្រែងសហការទាំងក្នុងរយៈពេលខ្លី និងមធ្យមដើម្បីទប់ស្កាត់ជំងឺរាតត្បាត និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ ប្រទេសមហាអនុតំបន់មេគង្គ គាំទ្រសសរស្តម្ភទាំងឡាយនៃអភិក្រម «សុខភាពតែមួយ ដើម្បីដោះស្រាយបញ្ហាសុខភាពមនុស្ស និងសត្វ ដំណាំនិងអាហារមានសុខភាពល្អ និងទីក្រុងផាសុកភាព»។ ប្រទេសមហាអនុតំបន់មេគង្គ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងកូរឹង-១៩ ដើម្បីធានាឱ្យមានការចាក់វ៉ាក់សាំងដែលមនុស្សគ្រប់គ្នាអាចចាក់បាន មានតំលៃសមរម្យ មានសមធមិមានប្រសិទ្ធភាព និងមានសុវត្ថិភាពសម្រាប់ប្រជាជននៅក្នុងអនុតំបន់។ ប្រទេសមហាអនុតំបន់មេគង្គ ក៏នឹងចាត់វិធានការដើម្បីរក្សាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលដើម្បីធានានូវរំហួរដោយសេរីនៃទំនិញ និងសេវាចាំបាច់ ដោះស្រាយ តម្រូវការរបស់ជនងាយរងគ្រោះ និងជនក្រីក្រ ក៏ដូចជាការគ្រប់គ្រងនិងការចល័តកម្លាំងពលកម្មការងារដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ រក្សាការបើកចំហព្រំដែននិងពន្លឿនការស្តារសេដ្ឋកិច្ចដោយផ្តោតសំខាន់លើពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម ទន្ទឹមនឹងការកាត់បន្ថយហានិភ័យផ្នែកសុខភាព។

ដោយឈ្វេងយល់ពីតម្រូវការសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ GMS ២០៣០ ប្រទេសមហាអនុតំបន់មេគង្គ ផ្តល់អាណត្តិការងារជូនរដ្ឋមន្ត្រី និងឧត្តមមន្ត្រី ដើម្បីរៀបចំគម្រោងជាក់ស្តែង និងអាចអនុវត្តបានសម្រាប់គាំទ្រដល់អាទិភាពប្រតិបត្តិការ និងក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS ២០៣០ និងកម្មវិធីពុទ្ធិរបស់ GMS ដែលនឹងជំរុញនិងតម្រង់ទិសកិច្ចសន្ទនាគោលនយោបាយ និងសកម្មភាពជាក់លាក់ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យមហាអនុតំបន់មេគង្គ។

ប្រទេសមហាអនុតំបន់មេគង្គ ទទួលស្គាល់ថា សកលភាវូបនីយកម្មសេដ្ឋកិច្ចនាំមកនូវផលប្រយោជន៍យ៉ាងសំខាន់ ដល់ប្រទេសសមាជិកមហាអនុតំបន់មេគង្គ និងអនុតំបន់របស់ប្រទេសមហាអនុតំបន់មេគង្គ ហើយប្តេជ្ញាប្រើប្រាស់ផលវិជ្ជមាននៃសកលភាវូបនីយកម្មសេដ្ឋកិច្ចនេះ ក៏ដូចជាពង្រឹង និងធ្វើឱ្យកាន់តែបើកចំហ បរិយាបន្ន តុល្យភាព និងចីរភាព ព្រមទាំងធានាឱ្យបាននូវផលប្រយោជន៍ដល់ទាំងអស់គ្នា។ ជាលទ្ធផលនេះ ប្រទេសមហាអនុតំបន់មេគង្គ គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយអង្គការពាណិជ្ជកម្មពិភពលោក ដែលជាស្នូល និងប្រឆាំងនឹងគំនិតគាំពារនិយម។

ទន្ទឹមនឹងនេះ ប្រទេសមហាអនុតំបន់មេគង្គ ប្រាថ្នាជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ ក៏ដូចជា ការផ្តល់កិច្ចសម្រួល និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ។ ជាមួយគ្នានេះដែរ ប្រទេសមហាអនុតំបន់មេគង្គ លើកទឹកចិត្តឱ្យបណ្តាប្រទេសសមាជិកមហាអនុតំបន់មេគង្គ ពន្លឿននីតិវិធីផ្តល់សច្ចាប័នក្នុងស្រុក ដើម្បីសម្រួលដល់ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ឱ្យបានឆាប់។

ប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ ដោយផ្អែកលើគោលការណ៍នៃការពិគ្រោះយោបល់ស៉ីជម្រៅ ការចូលរួមវិភាគទាន និងផលប្រយោជន៍រួម។ ប្រទេសមហាអនុតំបន់មេគង្គ ជំរុញបន្ថែមនូវបណ្តាញរបៀងសេដ្ឋកិច្ច កែលម្អហេដ្ឋារចនាសម្ព័ន្ធព្រំដែន GMS និងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន អភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋាន និងការដឹកជញ្ជូនតាមដងទន្លេ និងបង្កើនសមាហរណកម្មនៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ក្រៅពីក្នុងមហាអនុតំបន់មេគង្គ។

ប្រទេសមហាអនុតំបន់មេគង្គ ក៏ប្តេជ្ញាចាត់វិធានការជាក់ស្តែង ដើម្បីពង្រឹងបន្ថែមទៀត នូវវេទិការបៀងសេដ្ឋកិច្ច GMS និងវេទិកាអភិបាល GMS និងរក្សានូវការធ្វើជាម្ចាស់ផ្ទះប្រចាំឆ្នាំនៃវេទិកាទាំងពីរ៕