(ភ្នំពេញ)៖ រថយន្តកូរ៉េមួយគ្រឿ្ងបាន បើកបុករនាំងដែកបែងចែកទ្រូងផ្លូវ បណ្តាលឲ្យ បាក់អស់ចំនួន៩ផ្ទាំង ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលាន យន្តហោះអន្តរជាតិភ្នំពេញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលា ម៉ោង៤៖១០នាទីទៀបភ្លឺ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ ក្រោយមានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះកើតឡើង ស្រាប់តែមានរថយន្ត២គ្រឿង ទៀតមកតាមក្រោយ ស្រាប់តែវាក់អើនឹងរនាំងដែក ដែលរាយប៉ាយពេញផ្លូវ ពេលនោះរថយន្តសាំយ៉ុងបានបុក រថយន្ត Lexus Rx330 មួយគ្រឿងរងការខូចខាតយ៉ាងដំណំផងដែរ។

សាក្សីបានប្រាប់ថា នៅម៉ោងកើតហេតុខាងលើ រថយន្តបង្កចំណុះ២តោកកន្លះ បើកដោយបុរសម្នាក់់ លើផ្លូវសហពន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់មុខព្រលានយន្តហោះ អ្នកបើករថយន្ត បានរ៉េទៅបុករនាំងដែក បណ្តាលឲ្យបាក់អស់៩ផ្ទាំង ធ្លាក់រប៉ាត់រប៉ាយ ពេញផ្លូវ។ ភ្លាមៗនោះរនាំងដែក មិនទាន់បានលើកដាក់លើផ្លូវស្រួលបួលផង ក៏មានរថយន្ត២គ្រឿងទៀត បើកមកដល់ដែរ ក៏វាក់អើគ្នាហើយ រថយន្តសាំយ៉ុងបុករថយន្ត Lexus Rx330 ពីក្រោយរងការខូចខាត។

ក្រោយកើតហេតុរថយន្ត២គ្រឿង ដែលបុកគ្នានោះត្រូវបានសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងតែម្តង ចំណែកឯរថយន្តកូរ៉េត្រូវបានខាងនគរបាលចរាចរណ៍ក្រុង ស្ទួចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕