(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានទទួលការឧបត្ថម្ភផលិតផលខ្ញីទឹកឃ្មុំឌូឌីវី និងសាប៊ូរ៉េវឡន ពីក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដើម្បីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង របស់ក្រុមការងារជួរមុខ ក្នុងការរួមចំណែកជួយប្រទេសជាតិ។

ពិធីប្រគល់-ទទួលផលិតផលខ្ញីទឹកឃ្មុំឌូឌីវី និងសាប៊ូវ៉េឡននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោកស្រី ចាន់ ភារី នាយិកាក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ ខេមបូឌៀ។

ក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ ជាក្រុមហ៊ុនដែលបាននាំចូលនូវផលិតផលថែរក្សាសុខភាព និងគ្រឿងសម្អាងជាច្រើនមកពីប្រទេសឥណ្ឌូណេសីដែលសព្វថ្ងៃ កំពុងតែធ្វើចរាចរណ៍លក់ និងចែកចាយទូទាំងប្រទេស មានផលិតផលចំនួន ២មុខ ដែលអាចចូលរួមក្នុងការអនុវត្តនូវវិធានការណ៍ «៣កុំ និង៣ការពារ» ទប់ស្កាត់នូវការរាលដាលនៃមេរោគកូវីដ១៩ និងមួយចំណែកទៀតអាចជួយថែទាំសុខភាពដល់បុគ្គលិកសុខាភិបាលរួមទាំងប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងន័យនេះ លោកស្រី ចាន់ ភារី ដែលជានាយិកាក្រុមហ៊ុន ចង់ចូលរួមចំណែកក្នុងយុទ្ធនាការប្រឆាំងការរាលដាល នៃមេរោគកូវីដ១៩នេះ តាមរយៈការជួយឧបត្ថម្ភផលិតផល ២មុខ ដូចខាងក្រោម៖

ទី១៖ ខ្ញីទឹកឃ្មុំឌូឌីវី (មានអត្តសញ្ញាណផលិតផលលេខ MoHR1-0212HC-21) ជាសេរ៉ូទឹកកញ្ចប់ផ្សំរួចជាស្រេចជាមួយនឹងធាតុផ្សំធម្មជាតិ (ឌី ទឹកឃ្មុំ ជីអង្កាម មើមFennel ផ្កាក្លាំងពូ...) ដែលអាចទទួលទានបានគ្រប់ៗគ្នា ជាអាហាររូបត្ថម្ភ និងអាចទទួលជាមួយថ្នាំពេទ្យឬ ថ្នាំចិន បានជាធម្មតា ដើម្បីបង្កើននូវប្រព័ន្ធការពារមេរោគក្នុងរាងកាយ បណ្តេញខ្យល់ និងធាតុត្រជាក់ សម្រួលដល់ដំណកដង្ហើម និងបំបាត់អាការៈក្អក និងផ្តាសាយ ចុកឆ្អល់ពោះ....។ល។

ទី២៖ សាប៊ូរ៉េវឡន(លាងសំអាតដៃ និងដងខ្លួន) ជំរះភាពកខ្វក់និង មេរោគ។ ផលិតផលទាំង ២មុខ ដែលនឹងត្រូវយកទៅចូលរួមឧបត្ថម្ភគិតជាទឹកប្រាក់១១,៦៤០ដុល្លារ៕