(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋចំនួន៤៦៥ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ ក្នុងភូមិ២ នៃឃុំសំរោងសែន ស្រុកកំពង់លែង។

នៅក្នុងឱកាសនោះ លោក ចេង ចាន់ដូណា អភិបាលរងស្ដីទីស្រុកកំពង់លែង បានរាយការណ៍ឲ្យដឹងថា ឃុំសំរោង សែនមានភូមិចំណុះចំនួន២ គឺភូមិប៉ប្រក និងភូមិសំរោងសែន ដែលមានប្រជាពលរដ្ឋសរុបចំនួន ៤៦៥គ្រួសារ ស្មើនឹង ៣៤២ខ្នងផ្ទះ។ នៅក្នុងសភាពការណ៍ជំងឺកូវីដ-១៩ សហគមន៍២០កុម្ភៈ ឃុំសំរោងសែនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន ២០៣ នាក់ស្រី១០៨នាក់ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ១១នាក់។

កាលពីថ្ងៃទី៧ ខែកញ្ញា បានធ្វើសំណាកតេស្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨នាក់ ក្នុងនោះ ២នាក់មានជំងឺកូវីដបម្លែងថ្មីប្រ ភេទដែលតា ទើបអាជ្ញាធរខេត្តសម្រេចបិទខ្ទប់ភូមិទាំង ២ខាងលើ នៃឃុំសំរោងសែននេះតែម្តង ដោយចាប់ពីថ្ងៃ ទី៧ ខែកញ្ញាមក។ ដោយឡែក ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក បច្ចុប្បន្ន ៣៣៥ខ្នងផ្ទះ ស្មើនឹងមនុស្សចំនួន ១.១៣១នាក់។

នៅក្នុងពិធីនេះដែរលោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា អំណោយដែលរដ្ឋ បាលខេត្តពាំនាំយកសាច់ជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល, បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន, លោក គង់ សុផល, បណ្ឌិត សឹង សំណាង និងលោក កែវ វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំរោងសែន។

លោកអភិបាលខេត្តបានបន្តថា ដោយពិនិត្យឃើញ ប្រជាពលរដ្ឋក្នុងឃុំសំរោងសែនកំពុងជួបការខ្វះ ខាតក្នុងពេលបិទខ្ទប់ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៅ ២១ថ្ងៃ សម្រាប់ជំងឺកូវីដបម្លែងថ្មី ដែលតា នេះមិនអាចចេញចូលរកទទួលទានបាននោះ ទើបថ្នាក់ដឹកនាំបានផ្ដល់អំណោយមនុស្សធម៌ក្នុងពេលនេះជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខាងលើនេះ។ ដូច្នេះក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលខេត្តសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងសមត្ថកិច្ច ត្រូវតែអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់។

ជាមួយគ្នានេះដែរត្រូវពិនិត្យតាមដាននូវរាល់ការខ្វះខាតនានារបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ គឺត្រូវតែរាយការណ៍ និងដោះស្រាយឲ្យបានទាន់ពេលវេលា។ ចំពោះអំណោយដែលត្រូវចែកជូនប្រជា ពលរដ្ឋក្នុងតំបន់បិទខ្ទប់នេះគឺក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ ,មី១កេស , ត្រីខ១យួរ, ទឹកស៊ី អ៊ីវ១យួរ ,ទឹកត្រី១យួរ និងទឹកសុទ្ធ១យួរផងដែរ។

ដោយឡែក ចំពោះវិធានការរបស់រដ្ឋបាលខេត្តទាក់ទងនឹងជំងឺកូវីដបម្លែងថ្មី ដែលតានេះ ខេត្តបានរៀបចំកន្លែងព្យាបាលជំងឺចំនួនជាង ៦០កន្លែង នៅក្នុងស្រុក៣ មានស្រុករលាប្អៀរ ស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាច ដែលអាចដាក់អ្នកជំងឺបានជាង ៣ពាន់នាក់។

ចំពោះការចាក់វ៉ាក់ សាំងវិញនៅក្នុងសប្តាហ៍នេះ ខេត្តកំពង់ឆ្នាំងនឹងបញ្ចប់ការ ចាក់វ៉ាក់សាំងដូសទី១ហើយ ដោយចាប់ពីថ្ងៃទី១៦ ខែកញ្ញានេះទៅ គឺបន្តចាក់ដូសទី២ ដោយត្រូវសម្រុកចាក់ឱ្យរួចរាល់ក្នុងរយៈពេល ២សប្តាហ៍បន្តទៀត ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងខេត្តតែម្តង៕