(ភ្នំពេញ)៖ សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជា និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានព្រមព្រៀងចុះអនុស្សារណៈសហប្រតិបត្តិការ (MoU) ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងក្នុងវិស័យទាំង២ ដល់សមាជិកសិក្ខាកាម ដោយការអភិវឌ្ឍចំណេះដឹង ដល់សហគ្រាសធនតូច មធ្យម ក្រុមហ៊ុន សមាគម សហគមន៍ ក្នុងការប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យាក្នុងវិស័យឡូជីស្ទីក និងដឹកជញ្ជូន។

កិច្ចសហការដែលបានឯកភាពគ្នានៅសប្តាហ៍នេះ កើតឡើងដោយសារសមាគមទាំង២ យល់ឃើញថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ត្រូវបានដើរតួយ៉ាងសំខាន់ដល់វិស័យឡូជីស្ទ៉ីក និងដឹកជញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

ភាគីទាំងពីរ បានឯកភាពយល់ព្រមសហការគ្នា ដោយជំរុញឲ្យមានការផ្សព្វផ្សាយរាល់ប្រតិបត្តិការ ក្នុងកម្មវិធីផ្សេងៗ ទៅដល់សមាជិក សមាគម បច្ចេកវិទ្យា ឌីជីថល កម្ពុជា និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងជំរុញឲ្យមានការចូលរួមស្វែងយល់ពីវិស័យបច្ចេកវិទ្យា ឌីជីថល និងឡូជីស្ទ៉ីក ដើម្បីឲ្យយល់កាន់តែច្បាស់ដើម្បីរៀបចំប្រព័ន្ឋគ្រប់គ្រងឡូជីស្ទ៉ីក តាមបច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងការពង្រីកប្រតិបត្តិការអាជីវកម្ម របស់សមាជិក ឬមិនមែនជាសមាជិក។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានថ្លែងថា MoU នេះ មានអត្ថប្រយោជន៍ទាំងសងខាង ដោយសារខាងសមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជា ជាអ្នកជំនាញខាងព័ត៌មានវិទ្យា (IT)។ សមាជិក ដែលជាក្រុម IT នឹងអាចកំណត់លើប្រព័ន្ធការងារគ្រប់បែបយ៉ាងទាំងអស់ មិនថាផ្នែកឡូជីស្ទីក ឬផ្នែកអ្វីផ្សេងៗ តាមរយៈការសរសេរកម្មវិធីសម្រាប់ប្រើប្រាស់។ ផ្នែកខាងឡូជីស្ទីក ក៏ដូចគ្នាដែរ គឺត្រូវការឲ្យមានការចូលរួមពីខាងបច្ចេកវិទ្យា ឌីជីថល ដែលអាចកំណត់បានថា វានឹងពន្លឿនលើវិស័យដឹកជញ្ជូន តាមរយៈការប្រើប្រាស់ App ឬប្រើប្រាស់ IT ។

លោកបន្តថា «អញ្ចឹង MoU នេះ គឺមានសារៈសំខាន់ សម្រាប់ភាគីទាំងពីរ ដែលត្រូវសហការគ្នា ដើម្បីជំរុញឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា បានរីកចម្រើនជាងមុន»។

សមាគមទាំង២ នឹងចូលរួមជួយជ្រោមជ្រែង និងផ្សព្វផ្សាយពីសេវាកម្ម បច្ចេកវិទ្យា ឌីជីថល និងឡូជីស្ទ៉ីកនៅក្នុងស្រុក ជូនគ្នាទៅវិញទៅមក ដើម្បីបង្កើនទីផ្សារ ដែលឈានទៅដល់ការពង្រីកអាជីវកម្មទៅក្រៅប្រទេស នៃសមាជិកទាំង២ នាពេលអនាគត និងចូលរួមសហការជួយដល់វិស័យ សហគ្រាស ធនតូច និងមធ្យមឲ្យយល់ដឹងក្នុងការដាក់លក់ទំនិញតាមទីផ្សារអនឡាញ និងការដឹកជញ្ជូនក្នុងកញ្ចប់រួម (Consolidate Packages) ដែលអាចផ្តល់តម្លៃសមរម្យ និងការបញ្ចុះតម្លៃពី ៥ភាគរយ ទៅ ១០ភាគរយ ឬអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។

ក្រៅពីនោះក៏មាន ការចូលរួមសហការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ជូនដល់សិក្ខាកាម ដោយបង្កើតឲ្យមានកម្មវិធីសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ហើយភាគីទាំង២ អាចស្នើសុំវាគ្មិន ឬគ្រូបង្គោល ពីគ្នាទៅវិញមកក្នុងករណីចាំបាច់មានតម្រូវការ ដោយកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានសុពលភាព រយៈពេល ២ឆ្នាំ រួមទាំងការបេ្តជ្ញាចិត្តឲ្យមានប្រសិទ្ធិភាពផងដែរ៕