(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា សាលារៀន និងគ្រឹះស្ថានអប់រំជាកន្លែងប្រមូលផ្តុំមានលក្ខណៈ ងាយ ស្រួលក្នុងការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុង ចំណោមកុមារ សិស្សានុសិស្ស និងយុវជន ផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន។

ការថ្លែងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងកម្មវិធីប្រគល់ជ័យលាភីមេដាយមាស សាលាមេត្រីបរិស្ថាន ជូនដល់សាលាបឋមសិក្សាវត្តចែង ស្ថិតនៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងសទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ពីធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានអបអរសាទរដល់សាលាបឋមសិក្សាវត្តចែងនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មន្ទីរជំនាញជុំវិញ ខេត្តព្រមទាំងតំណាងរដ្ឋបាលស្រុកគ្រប់ស្រុកទាំងអស់របស់ខេត្តបាត់ដំបង រួមនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

សាលាបឋមសិក្សាវត្តចែង ជាជ័យលាភីលេខ១ សាលាមេត្រីបរិស្ថាន ផ្នែកបឋមសិក្សាក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន រៀងរាល់២ឆ្នាំម្តង លើកទី៣ ឆ្នាំ២០២១នេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្តថា សាលាវត្តចែង បានទទួលនូវជ័យលាភីមេដាយមាស ក្នុងការប្រកួតប្រជែងសាលាមេត្រីបរិស្ថាននេះ គឺបង្ហាញពីកិច្ចខិតខំប្រឹង ប្រែង និងគំនិតច្នៃប្រឌិតខ្ពស់ និងភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំសាលាដោយមានការចូលរួមគាំទ្រពីសិស្សានុសិស្ស មាតាបិតា សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាពិសេសរដ្ឋបាលខេត្តបាត់ដំបងដែលបានចូលរួមគាំទ្រអនុវត្តនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ការខិតខំ ប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ឥឡូវនេះបានទទួលផ្លែផ្កា គឺការទទួលបានជ័យលាភីមេដាយមាស សាលាមេត្រី បរិស្ថានដែលនេះជាមោទកភាពរបស់ខេត្តបាត់ដំបង និងជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការ កសាងថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ គុណភាព មានមេត្រីភាពបរិស្ថាន និងផាសុកភាព។

លោក នេត្រ ភក្ត្រា បានបន្ថែមយ៉ាងដូច្នេះថា៖ «សាលាមេត្រីភាពបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ឥរិយាបថលើបរិស្ថាន និងបានចូលរួមអប់រំបណ្តុះស្មារតី ស្រឡាញ់ និងគោរពបរិស្ថានកាន់តែខ្លាំងឡើងក្នុង ចំណោមប្រជាជន និងក្តាប់នូវមោទកភាពជាតិ គុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន ត្រូវបានធានាស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»

បន្ថែមពីនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀត ដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

លោកបានលើកឡើងថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននឹងជាផ្នែកមួយនៃការចូលរួមអនុវត្តគោលនយោបាយជាតិភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពលើចំណុចទី៦ ដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែ «មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ» ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិ-ឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។

បើតាមលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ក្នុងនាមពលរដ្ឋខេត្តបាត់ដំបង បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីរបស់សាលាបឋមសិក្សាវត្តចែងក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលទទួលបាននូវជ័យលាភី ក្នុងចំណោមសាលាបឋមសិក្សានៅទូទាំងប្រទេស ដែលនេះជាការខិតខំប្រឹងប្រែងរួមជាមួយអ្នកពាក់ព័ន្ធ និងថ្នាក់ដឹកនាំសាលានៅទីនេះ។

នាឱកាសនោះដែរ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងទៅកាន់អាជ្ញាធរស្រុក-ក្រុងក្នុងខេត្ត ត្រូវបន្តខិតខំរៀនសូត្រពីគម្រូរបស់សាលាមួយនេះ ដើម្បីយកទៅធ្វើការ ផ្សព្វផ្សាយនិងរៀបចំក្នុងស្រុកក្រុងរបស់ខ្លួនឱ្យបានក្លាយជាសាលាគម្រូប្រកបដោយបរិស្ថានអនាម័យ និងសោភ័ណភាពល្អ ក្នុងស្រុកក្រុងរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ដើម្បីឈានឆ្ពោះចូលរួមប្រកួតប្រជែងក្នុងការដណ្តើជ័យលាភីសាលាមេត្រីបរិស្ថាន នៅបណ្តាឆ្នាំខាងមុខទៀត។