(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលគ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ពីក្រុមហ៊ុនឆ្នោតមហាសំណាង នៅសាលារាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោក កើត ឆែ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានឧបត្ថម្ភជូន រដ្ឋបាលរាជធានីភ្នំពេញ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស។

លោក កើត ឆែ បានបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាត់ពីជំងឺកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់ផងដែរ។

តំណាងក្រុមហ៊ុនឆ្នោតមហាសំណាង (ទឹកច្រើន ឈ្នះច្រើន) ក៏បានសន្យាផងដែរថា ក្រុមហ៊ុននៅតែបន្តជួយជានិច្ចទាំងគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ទៅតាមលទ្ធភាព និងតាមរយះ «មូលនិធិមហាសំណាង» ដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា តាមបណ្ដាររដ្ឋបាលខណ្ឌ និងសង្កាត់ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់ប្រភេទ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

អំណោយដែររដ្ឋបាលរាជធានីភ្នំពេញទទួលបានរួមមាន៖ អង្ករ ២០តោន, ទឹកបរិសុទ្ធវីតាល់ ១០០កេស, មីជាតិ ១០០កេសតូច, អាល់កុល ១៥០លីត្រ និងម៉ាស់ ១២ ៥០០ម៉ាស់៕