(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃប្រទេសមហាអនុតំបន់មេគង្គ បានសម្តែងសេចក្តីរីករាយចំពោះសមិទ្ធផលដុំកំភួន និងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលទទួលបានដោយសារការអភិវឌ្ឍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលមានផ្លូវ និងស្ពានប្រវែងប្រមាណ១២,០០០គីឡូម៉ែត្រ ផ្លូវដែកប្រវែងប្រមាណ៧០០គីឡូម៉ែត្រ និងខ្សែបណ្តាញថាមពលប្រវែងប្រមាណ ៣,០០០គីឡូម៉ែត្រ។

ការសម្តែងនូវភាពរីករាកនេះ បានធ្វើឡើងនៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្មន្រ្តីនៃកម្ពុជា ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។

តាមសេចក្តីថ្លែងការណ៍រួមរបស់កិច្ចចប្រជុំកំពូលប្រទេសមហាអនុតំបន់មេគង្គ លើកទី៧ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះ៖ «យើងមានសេចក្តីរីករាយចំពោះសមិទ្ធផលដុំកំភួន និងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលទទួលបានដោយសារការអភិវឌ្ឍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលមានផ្លូវ និងស្ពានប្រវែងប្រមាណ១២,០០០គីឡូម៉ែត្រ ផ្លូវដែកប្រវែងប្រមាណ៧០០គីឡូម៉ែត្រ និងខ្សែបណ្តាញថាមពលប្រវែងប្រមាណ ៣,០០០គីឡូម៉ែត្រ ចំពោះលទ្ធផលមិនមែនរូបវន្ត ដូចជាយានយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយសេរី ជាមួយនឹងនីតិវិធីសាមញ្ញ ប្រព័ន្ធសម្របសម្រួលសម្រាប់ការត្រួតពិនិត្យ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង វិធានការសម្រាប់ការពារជីវចម្រុះ និងការបណ្តុះបណ្តាលមន្ត្រីសាធារណៈឱ្យមានសមត្ថភាពខ្ពស់ជាងមុន»

ក្នុងសេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ប្រទេសមហាអនុតំបន់មេគង្គ សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ដោយផ្អែកលើគោលការណ៍នៃការពិគ្រោះយោបល់ស៊ីជម្រៅ ការចូលរួមវិភាគទាន និងផលប្រយោជន៍រួម។ ជាមួយគ្នានេះដែរ ប្រទេសមហាអនុតំបន់ទន្លេមេគង្គ បន្តជំរុញបន្ថែមនូវបណ្តាញរបៀងសេដ្ឋកិច្ច កែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន GMS និងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន អភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋាន និងការដឹកជញ្ជូនតាមដងទន្លេ និងបង្កើនសមាហរណកម្មនៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ក្រៅពីក្នុងមហាអនុតំបន់មេគង្គ។ យើងក៏ប្តេជ្ញាចាត់វិធានការជាក់ស្តែងដើម្បីពង្រឹងបន្ថែមទៀតនូវវេទិការបៀងសេដ្ឋកិច្ច GMS និងវេទិកាអភិបាល GMS និងរក្សានូវការធ្វើជាម្ចាស់ផ្ទះប្រចាំឆ្នាំ នៃវេទិកាទាំងពីរ។

ក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសមហាអនុតំបន់ទន្លេមេគង្គ បានគូសបញ្ជាក់ថា៖ «យើងសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងមហាអនុតំបន់មេគង្គ តាមរយៈការអនុវត្តពេញលេញនូវរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុក្នុងកិច្ចបន្តស្វះស្វែងរកការអភិវឌ្ឍប្រកបដោយសមធម៌ បើកចំហ គ្រប់ជ្រុងជ្រោយ នវានុវត្តន៍ និងបរិយាបន្ន ព្រមទាំងសម្រេចបាននូវតុល្យភាពលើជ្រុងទាំង៣ គឺ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ជាមួយគ្នានេះដែរ ប្រទេសមហាអនុតំបន់មេគង្គ នឹងសហការបន្ថែមទៀតលើការកាត់បន្ថយភាពក្រីក្រ ដើម្បីលើកកម្ពស់សុខុមាលភាព សម្រាប់ប្រជាជន ទាំងអស់។ យើងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការប្រើប្រាស់ ប្រកបដោយចីរភាពនិង ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយសមាហរណកម្ម រួមទាំង ដី ធនធានទឹក និងព្រៃឈើ តាមរយៈកិច្ចសហប្រតិបត្តិការឆ្លងដែន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាននូវសន្តិសុខស្បៀង ទឹក និងថាមពលរបស់អនុតំបន់៕