(ព្រះវិហារ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចាត់ឲ្យមន្ត្រីកាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកនូវលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការសឹករង ខេត្តព្រះវិហារ និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែល បានទទួលមរណភាព កាលពីវេលា ម៉ោង ១៖៤៦ នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់  លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន ដែលកន្លងមករូបលោកបាន បំពេញតួនាទីការពារបូរណភាពទឹកដី និងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ជួយដល់ប្រជាជនជួបការលំបាកខ្វះខាតក្នុងជីវភាព ពោរពេញដោយស្នាដៃ និងគុណតម្លៃយ៉ាងធំធេងជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ត លោក ឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលបុណ្យ ក្នុងពិធីបុណ្យសពនេះ រួមមាន៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស និងថវិកាមួយចំនួនផងដែរ៕