(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មី នៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ចូមរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះតាមប្រព័ន្ធវីដេអូពីចម្ងាយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដូចនេះនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីលោកស្រី Maryam Salim តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ និងដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា លោកស្រី Maryam Salim ទើបទទួលបានការតែងតាំងពីធនាគារពិភពលោក ជានាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ជំនួសលោកស្រី Inguna Dobraja ដែលត្រូវផ្លាស់ទៅបម្រើការនៅសាធារណរដ្ឋ Moldova បន្ទាប់ពីបានដឹកនាំការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជា អស់រយៈពេលមួយអាណត្តិកន្លងមក។

លោកស្រី Maryam Salim មានបទពិសោធន៍ ការងារអស់រយៈពេលជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក មុនពេលលោកស្រី ត្រូវបានផ្លាស់មកកម្ពុជា លោកស្រីបាន កាន់តំណែងជានាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសអាល់បានីផងដែរ។

ជាការឆ្លើយតបលោកស្រី Maryam Salim បានបង្ហាញការពេញចិត្ត និងឯកភាពភាព និងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនទៅលោកស្រី Maryam Salim ដែរថា ក្រសួងទើបទទួលបានគោលការណ៍ឯកភាព ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ហើយកម្ពុជា គឺជាប្រទេសអាស៊ានតែមួយគត់ ដែលបានចូលជាសមាជិកនៃវេទិកានេះផងដែរ៕