(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានកំណត់ និងបិទខ្ទប់ភូមិសាស្រ្ដ ឃុំចំនួន៦ក្នុងស្រុកពួក និងឃុំ៤ទៀត ក្នុងស្រុកក្រឡាញ់ ជាតំបន់លឿងទុំ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ការបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍នេះ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ តាមសេចក្ដីសម្រេច ឃុំដែលត្រូវបិទខ្ទប់ និងដាក់ជាតំបន់លឿងទុំ រួមមាន ឃុំពួក ឃុំមុខប៉ែន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក និងឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់។

រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទខ្ទប់នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដខាងលើ។ ក្នុងសេចក្ដីសម្រេចនោះក៏មានដាក់វិធានការមួយចំនួនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់នោះផងដែរ ដូចជាទាក់ទងការធ្វើដំណើរ ការប្រកបការងារ អាជីវកម្មជាដើម។ល៕