(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ការពន្លឿនការងនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់សាមគ្គីភាពប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម គឺជាគន្លឹះដ៏ចាំបាច់ ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅក្រោយពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។

សម្តេចតេជោ បានគូសរំលេចបែបនេះក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមប្រធានបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង, នាយករដ្ឋមន្ត្រីឡាវ លោក ផានខាំ វិផាវ៉ាញ, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា, នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ, នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា និងលោក ម៉ាសាត្ស៊ូហ្គូ អាសាកាវ៉ា ប្រធានធានគារអភិវឌ្ឍន៍អាស៊ី។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កិច្ចប្រជុំដែលរៀបចំក្រោមប្រធានបទខាងលើនេះ ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នា ដ៏មោះមុតរបស់យើង ក្នុងការរួមគ្នាត្រួសត្រាយផ្លូវដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅធ្វើយ៉ាងណាបន្តនូវភាពជោគជ័យ និងធានាថាមហាអនុតំបន់មេគង្គ នឹងនៅតែជាចំណុចស្នូលនៃការតភ្ជាប់តំបន់ និងជួយប្រទេសសមាជិកសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ទន្ទឹមនឹងការលើកបង្ហាញនូវវឌ្ឍនភាព និងកិច្ចការដែលប្រទេសមហាអនុតំបន់ទន្លេមេគង្គសម្រេចតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារយៈពេលប្រមាណ៦ឆ្នាំកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីបញ្ហាប្រឈមសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គផងដែរ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការរាតត្បាតនៃជំងឺកូវីដ១៩ គឺជាការរាំងស្ទះ និងភាពប្រឈមថ្មីសម្រាប់ការអភិវឌ្ឍប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «បច្ចុប្បន្នទោះបីយើងរំពឹងថា វិបត្តិជំងឺវីដ១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះ និងការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗកំពុងមានវឌ្ឍនភាពល្អប្រសើរក៏ដោយ ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យនៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាព សង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាពសាធារណៈ រំហូរទេសចរ រហូតដល់ការរអាក់រអួលនៃខ្សែ ច្រវាក់ផ្គត់ផ្គង់ពិភពលោក»។

ដើម្បីស្រោចស្រង់សេដ្ឋកិច្ចប្រទេសមហាអនុទំបន់ទន្លេមេគង្គឡើងវិញ ក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានទាញចំណាប់ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការ, ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, ការកៀរគររកប្រភពហិរញ្ញវត្ថុ និងការតភ្ជាប់។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចសហប្រតិបត្តិការពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីប្រែក្លាយការគំរាមកំហែងពីវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់។ ក្នុងចំណុចនេះ សម្តេចតេជោ មានជំនឿថា ការអនុម័ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ២០៣០» ជាមួយនឹងការដាក់ចេញនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មី «កម្មវិធីសហប្រតិបត្តិការអនុតំបន់ ដែលផ្តោតសារសំខាន់លើកម្លាំងស្នូលនៃសហគមន៍, ការតភ្ជាប់ និងភាពប្រកួតប្រជែង ទន្ទឹមគ្នានឹងការប្រកាន់យកនូវគោលការណ៍គន្លឹះនៃចីរភាព និងភាពធន់នៃបរិស្ថាន ដែលមានសមាហរណកម្មទាំងក្នុង និងក្រៅ និងបរិយាបន្ន ដើម្បីកសាងសហគមន៍មហាអនុតំបន់មេគង្គ ដែលមានអនាគតរួមគ្នា នឹងក្លាយជាសសរស្តម្ភដ៏រឹងមាំមួយសម្រាប់មហាអនុតំបន់មេគង្គ ឆ្លើយ តបបានគ្រប់គ្រាន់ទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន ជាពិសេសជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ក្នុងបរិការណ៍ដែលតំបន់ និងសកលលោក កំពុងប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ។

ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍សមស្របដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ កាត់បន្ថយផលប៉ះពាល់ដល់កិច្ចដំណើរការនៃសេដ្ឋកិច្ច និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បញ្ហាជំងឺកូវីដ១៩នេះ សម្តេចតេជោ បានរំលេចដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជាការ ចាក់វ៉ាក់សាំងឱ្យប្រជាជន និងការអនុវត្តវិធានការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍។ ទោះជាយ៉ាងនេះក្តី រលកថ្មីនៃជំងឺកូវីដ១៩ នៅតែបង្កផលប៉ះពាល់ដ៏ស្រួចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ នេះ នៅតែប្រឈមនឹងភាពមិនប្រាកដប្រជា។

ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ សម្តេចតេជោ បានយល់ឃើញថា កិច្ចខិតខំរួមគ្នារបស់ប្រទេសមហាអនុតំបន់ទំបន់ទន្លេមេគង្គ ពិតជាមានសារសំខាន់ណាស់សម្រាប់ការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ឱ្យមានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ «ការឆ្លើយតបនឹងជំងឺកូវី១៩ និងផែនការស្តារ ឡើងវិញឆ្នាំ ២០២១-២០២៣» នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជកម្ម វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈក្នុងតំបន់។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រទេសក្នុងតំបន់។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់សហគមន៍អន្តរជាតិ ដែលបានចែករំលែក និងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូរ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក និងជំនួយទ្វេភាគីជូនដល់កម្ពុជា។

សម្រាប់សម្តេចតេជោ នេះជាការបង្ហាញឱ្យឃើញពីមិត្តភាព និងសាមគ្គីភាព ក្នុងស្ថានភាពអាសន្នមួយ ដូចដែលសម្តេចធ្លាប់បានលើកឡើងថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ និងការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩។

សម្រាប់សម្តេចតេជោ ដើម្បីស្រោចស្រង់ប្រទេសមហាអនុតំបន់ទន្លេមេគង្គក្រោយវិបត្តិកូវីដ១៩ ការកៀរគរហិរញ្ញហិរញ្ញវត្ថុ ក៏ជាចំណុចសំខាន់ផងដែរ។ សម្តេចតេជោ បានលើកឡើងថា ដើម្បីធានាការស្តារឡើងវិញនូវវិបុលភាពរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ត្រូវគិតគូរផងដែរនូវការស្វះស្វែងកៀរគរប្រភពហិរញ្ញប្បទានបន្ថែម ជាពិសេសការបន្សុការផ្គុំផ្សំ និងបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយនឹងហិរញ្ញប្បទានក្រោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គដទៃទៀត ដើម្បីប្រែក្លាយ គម្រោងទាំងឡាយរបស់យើងឱ្យទៅជាលទ្ធផលជាក់ស្តែង។

ទន្ទឹមនឹងនេះ ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការគន្លឹះមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះ ស្រាយការលំបាកផ្នែកហិរញ្ញប្បទាន។

ពាក់ព័ន្ធនឹងការតភ្ជាប់តំបន់ ដែលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់លើសារសំខាន់នៃការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ផ្តោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មជំនាញ ស្របតាមយុគសម័យឧស្សាហកម្ម៤.០ ក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចរបស់យើងឱ្យមានភាព ប្រកួតប្រជែងខ្ពស់។ លើសពីនេះទៀត ការអភិវឌ្ឍទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទីក គួរត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងថែមទៀត៕