(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រទេសក្នុងតំបន់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចដូច្នេះថា៖ «ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូរីដ១៩ នាពេល បច្ចុប្បន្ន ខ្ញុំសូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសក្នុងតំបន់។ ក្នុងបរិការណ៍នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណផងដែរដល់សហគមន៍អន្តរជាតិ ដែលបានចែករំលែក និងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូរ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក និងជំនួយទ្វេភាគីជូនដល់កម្ពុជា ដោយសម្តេចបានចាត់ទុកថា «នេះបង្ហាញឱ្យ ឃើញពីមិត្តភាព និងសាមគ្គីភាព ក្នុងស្ថានភាពអាសន្នមួយ ដូចដែលខ្ញុំធ្លាប់បានលើកឡើងថា “ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ដែលនឹងរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ និងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩»

រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់ផងដែរ។

វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕