(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ មន្ត្រីនគរបាលដែលប្រើហិង្សានោះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។ លោក សាន សុខសីហា បានបញ្ជាក់ថា ទោះបីជនរងគ្រោះត្រូវគ្នាបញ្ចប់រឿងត្រឹមសំណងក្តី ក៏មន្ត្រីនោះនៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ។

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅខណ្ឌ៧មករា​៖

១៖​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកេីតហេតុ​រួច​ ។
២៖ បើស្រាវជ្រាវហើយឃើញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​។
៣៖ ចំពោះអ្នកបើកបរល្មើសច្បាប់​ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​។

 

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។

មន្ត្រីនគរបាល បានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ។ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។

មន្ត្រីនគរបាលដែលប្រើហិង្សា ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ាត់ ពិសី។ ហេតុការណ៍ហិង្សានេះ នាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងលើមន្ត្រីនគរបាល និងទទូចឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ដោយក្រមសីលធម៌បញ្ចៀសនូវការប្រើហិង្សា។

តែទោះជាយ៉ាងណា ក៏មានស្នើឱ្យមានការចូលរួមគោរព និងអនុវត្តច្បាប់ពីអ្នកបើកបរគ្រប់រូប ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ។