(កោះកុង)៖ ស្ថានទូតថៃប្រចាំកម្ពុជា បរិច្ចាគជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ផ្ដល់ជូនដល់ពលករចំណាកស្រុកកម្ពុជា ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្ដាមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកោះកុង។

ពិធីនេះ ធ្វើឡើងក្រោមវត្ដមាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានចូលរួមពី លោក ភិឆីត ប៊ុនសុត អគ្គរាជទូត អមដំណើរដោយមន្ត្រីរាជការ នៃស្ថានទូតថៃប្រចាំកម្ពុជា តំណាងឲ្យស្ថានទូតថៃ រួមជាតំណាងក្រុមហ៊ុនឯកជនថៃនៅកម្ពុជា ជាច្រើនរូបទៀត នាពេលថ្មីៗនេះ។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការមើលថែពលករចំណាកស្រុកកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់ ពីការឆ្លងរាតត្បាតនៃជំងឺកូវីត-១៩ ដែលធ្វើឲ្យពលករជាច្រើនសន្ធឹកសន្ធាប់ បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។

រាជរដ្ឋាភិបាលថៃ មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការមើលថែទាំពលករកម្ពុជា ទាំងដែលកំពុងរស់នៅក្នុងប្រទេសថៃ និងដែលបានធ្វើដំណើរត្រឡប់ មកប្រទេសកម្ពុជាវិញ ដោយចាត់ទុកថា ពលករទាំងអស់នោះ ជាកំលាំងចលករដ៏សំខាន់ នៅក្នុងការជំរុញវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ។

គូសបញ្ជាក់ថា កន្លងមកស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជា បានរួមគ្នាបរិច្ចាគ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់ពលករចំណាកស្រុកកម្ពុជា នៅតាមបណ្ដាមណ្ឌលចត្តាឡីស័កនានា នៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង រួចមកហើយ៕