(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសអំពីដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា និងប្រទេសជាមិត្តចំនួន៣ផ្សេងទៀត ចាប់ពីថ្ងៃទី១០ ដល់ ១៥ ខែកញ្ញា ដែលក្នុងនោះរួមមានវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងលោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង។

តាមរយៈ ហ្វេសបុករបស់ខ្លួន ស្ថានទូតចិនបានបញ្ជាក់ថា លោក Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម ជាមួយ លោក Pham Binh Minh។

«ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិននិងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកល និងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូនចំពោះប្រទេសទាំង៤ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក»។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិន។

ស្ថានទូតចិន បានបន្តថា ក្នុងឱកាសនៃការបំពេញទស្សនកិច្ច លោកWang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅជាមួយបណ្ដា​ភាគីជំរុញអនុវត្តកុងសុងស៊ីស​សំខាន់ៗ ដែលបានឯកភាពគ្នាដោយ លោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិននិងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់​កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។

ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក៕